ខេត្តកំពង់ស្ពឺ៖ បុរសតិរច្ឆានម្នាក់គ្រាន់តែបាត់​ប្រពន្ធ​របស់ខ្លួន ក៏ចោទនាងលួចស្នេហាជាមួយនឹងមេការ ហើយដក​កូនកាំបិត​ចាប់នាង​អារ​ក​​នៅនឹង​មុខ​អ្នក​រួមការ​ងារ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលា​ម៉ោង​៧ ​និង​៥៣​នាទីព្រឹក ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្នុង​ការដ្ឋាន​សាងសង់​សំណង់​អគារមួយកន្លែង ស្ថិត​ក្នុងភូមិ​ទួល​គ ​សង្កាត់​ស្វាយ​ក្រ​វា​ន់ ក្រុង​ច្បារមន។

មន្រ្ដីនគរបាលក្រុងច្បារមន បានឲ្យដឹងថា ជនសង័្សយជាប្ដី​ឈ្មោះ សំ ភ័​ណ្ឌ អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​នៅភូមិ​ត្រពាំង​ខ្យង ឃុំ​បាកាន ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ ស្រី នី អាយុ​៣២​ឆ្នាំ មានស្រុក​កំណើតនៅ​ស្រុកកែវ​សីមា ខេត្ត​មណ្ឌល​គី​រី។ ប៉ុន្តែពួកគេ​ទាំង​២​នាក់​ប្ដីប្រពន្ធបានមកធ្វើជា​កម្មករ​សំណង់​ និងស្នាក់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ដថា កាលពីក្បាលព្រលប់ ថ្ងៃទី៥ ខែវិច្ឆិកា ជនរងគ្រោះបានដើរទៅណា​បាត់ ដោយមិនបានប្រាប់ដំណឹងដល់បុរសរបស់នាង។ ដោយសារតែបញ្ហាហ្នឹង ធ្វើឲ្យជនសង័្សយកើតរឿងប្រចណ្ឌប្រពន្ធរបស់ខ្លួន ហើយគេសួរនាំទៅប្រពន្ធ តែនាងបានឆ្លើយថា ទៅផ្សារ។ នៅពេលនោះ ពួកគេ​បានឈ្លោះប្រកែកគ្នាមួយប្រាវ ក៏ស្ងាត់ទៅវិញទៅ។

មន្ត្រីនគរបាលដដែល បានបន្ដថា រហូតមកដល់វេលា​កើតហេតុ​ ពួកគេទាំង២នាក់ប្ដីប្រពន្ធ​បានឈ្លោះប្រកែកគ្នាម្ដងទៀត ស្រាប់តែបុរសជាប្ដីបានផ្ទុះកំហឹងយ៉ាងខ្លាំង ទាញកូនកាំបិតចិតបន្លែ ស្ទុះទៅចាប់ប្រពន្ធអារក នៅនឹងមុខអ្នករួមការងារ បណ្ដាលឲ្យរងរបួស។ ឃើញហេតុការណ៍បែបនេះ មិត្តរួមការងារជាមួយបានជួយអន្តរាគមន៍ចាប់បំបែក និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ។

សមត្ថកិច្ចដដែល បានបន្ដថា បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ​នាំមកសាកសួរ ទើបគេ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​មក​អារ​​ក​ប្រពន្ធ គឺ​ដោយសារ​តែ​គេសង្ស័យ​ថា ប្រពន្ធ​ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជាងសំណង់​ម្នាក់ នៅ​ការដ្ឋាន​នេះ​។

ក្រោយពេលសាកសួររួច សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន​ បានបញ្ជូន​ជន​សង័្សយ​ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បី​ចោទ​ប្រកាន់តាមផ្លូវច្បាប់។ ដោយឡែក ជនរងគ្រោះ បន្ទាប់ពី​​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​មក រហូតមកដល់ពេល​នេះ​ គាត់មានស​ភាព​ធូរស្រាលហើយ៕