ចែករំលែក

ប្រទេសអូស្ត្រាលី៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារចិន ស៊ីនហួរ កាលពីព្រឹកថ្ងៃអង្គាតនេះថា បុរសអូស្ត្រាលីម្នាក់ អាយុ៣៣ឆ្នាំ ត្រូវបានត្រីឆ្លាមមួយក្បាល សម្លាប់កាលពីល្ងាចថ្ងៃច័ន្ទ សប្តាហ៍នេះបន្ទាប់ពីរូបគេបានហែលចេញពីទូក កម្សាន្តមួយគ្រឿងនៅក្បែរឆ្នេរស៊ីដហាប៊ឺ (Cid Harbor) នៃកោះវីតសាន់ដេរ (White Sunday) ក្នុងតំបន់ឧទ្យានថ្មប៉ប្រះទឹក ហ្គ្រែតបារៀរីហ្វ (Great Barrier Reef) ។

ទោះជាយ៉ាងណា អាជ្ញាធរសង្គ្រោះបន្ទាន់នៅតំបន់នោះ បានឲុ្យដឹងថា ក្រោយពីក្រុមជួយសង្គ្រោះ បានដឹងហេតុការណ៍នេះ និងបានសង្គ្រោះភ្លាមៗ ដោយគ្រូពេទ្យ២នាក់ និងពេទ្យស្រីម្នាក់នៅក្បែរទូកកម្សាន្តនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ឈ្មោះ ម៉ាក់ខេយ បេស នៅវេលាម៉ោង៨យប់ដើម្បីវះកាត់ភ្លាមៗ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក បុរសរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅប៉ុន្មានម៉ោងក្រោយមក ។

បើតាមការឲ្យដឹងពីប្រវត្តិខ្លះៗ បានបង្ហាញថា នេះជាការវាយប្រហារដោយត្រីឆ្លាម លើកចុងក្រោយ នៅក្នុងតំបន់ឧទ្យាន Great Barrier Reef បានកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណោះ បន្ទាប់ពីភ្ញៀវទេសចរ២នាក់ ត្រូវបានវាយប្រហារដោយត្រីឆ្លាម កាលពីខែកញ្ញាកន្លងមកនេះ ។ ដោយឡែកក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់ទៀតត្រូវបានឆ្លាមខាំនៅឆ្នេរ Cid Harbor នេះផងដែរ ដោយបណ្តាលឲ្យនាងបាត់បង់ជើងម្ខាង ៕