ខេត្តបន្ទាយមានជ័យៈ​ មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ បានចេញប្រតិបត្ដិការ បង្ក្រាបទំនិញគេចពន្ធចំនួន៩កន្លែង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងក្រុងប៉ោយប៉ែត។

លោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបទំនិញគេចពន្ធខុសច្បាប់នេះ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងបង្រ្កាបទីតាំធ្វើអាជីវកម្មលក់ និងស្តុកទំនិញ៩កន្លែង នៅក្រុងប៉ោយប៉ែត។ រីឯទំនិញទាំងនោះ ត្រូវបានក្រុមឈ្មួញលួចលាក់នាំចូលទំនិញចម្រុះ គេចពន្ធពីប្រទេសថៃ ចូលមកក្នុងទឹកដី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីចែកចាយ និងលក់បន្ត នៅក្នុងប្រទេសកម្ពុជា។

លោកប្រធានសាខាគយ និងរដ្ឋាករខេត្ដ​ បានបន្ដថា បន្ទាប់ពីសមត្ថកិច្ចជំនាញឆែកឆេរឃ្លាំងទំនិញគេចពន្ធទាំង៩ នៅក្នុងទីក្រុងប៉ោយប៉ែត នោះមក សមត្ថកិច្ចរកឃើញទំនិញជាច្រើនប្រភេទ រួមមានគ្រឿងអេឡិចត្រូនិច ទូរស័ព្ទដៃ គ្រឿងសម្អាងការ គ្រឿងសង្ហារឹម គ្រឿងបន្លាស់ម៉ូតូ និងគ្រឿងបន្លាស់រថយន្ត…ជាដើម។

លោកប្រធានសាខាគយខេត្ត បានបន្ដថា ការបង្ក្រាបទំនិញគេចពន្ធខុសច្បាប់បែបនេះ គឺដើម្បីទប់ស្កាត់នូវទំនិញគេចពន្ធ និងរកចំណូលពន្ធចូលថវិការបស់រដ្ឋ ពីព្រោះថា ទំនិញគេចពន្ធទាំងនេះ ធ្វើឲ្យខាតបង់ដល់ចំណុលចូលរដ្ឋ។ លើសពីនេះទៅទៀត ឈ្មួញខ្លះបានលួចនាំចូលទំនិញរំលោភលើកម្មសិទ្ធិបញ្ញាទៀតផង។

លោកប្រធានសាខាគយ បានបន្ដថា ការនាំទំនិញគេចនេះ បង្កឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងលើទីផ្សារមិនស្មើភាព នាំឱ្យខាតបង់ដល់ការស៊ីរបស់ក្រុមហ៊ុនធំៗ ដែលនាំចូលទំនិញបង់ពន្ធស្របច្បាប់។ សមត្ថកិច្ចគយធ្វើនេះ គឺដើម្បីការពារ និងគិតពីផលប្រយោជន៍ដល់ក្រុមហ៊ុនស្របច្បាប់ ត្រូវបង្ក្រាប និងទប់ស្កាត់ទំនិញ ដែលនាំចូលគេចពន្ធ និងទំនិញរំលោភកម្មសិទ្ធិបញ្ហា។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ សមត្ថកិច្ចគយខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការជាបន្តបន្តបន្ទាប់៣លើកមកហើយ ឆែកឆេរត្រួតពិនិត្យ ទំនិញស្តុកក្នុងឃ្លាំង និងទីតាំងបើកអាជីវកម្ម ដើម្បីបង្ក្រាបទំនិញគេចពន្ធខុសច្បាប់ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ លើកទី១ និងលើកទី២បង្ក្រាបទំនិញគេចពន្ធនៅក្នុងក្រុងសិរីសោភ័ណទៅលើឃ្លាំង និងទីតាំងបើកអាជីវកម្ម​៩ទៅ១០កន្លែង បង្ក្រាបទំនិញប៉ាន់ ប្រមាណពី៧០ទៅ៨០ម៉ឺនដុល្លារ និងបង្ក្រាបលើកទី២ នៅក្រុងប៉ោយប៉ែត ឃ្លាំងស្តុកទំនិញ និងទីតាំងអាជីវកម្ម៩កន្លែង បង្ក្រាបទំនិញប្រមាណ២០ម៉ឺនដុល្លារ៕