ខេត្ត​ប៉ៃលិនៈ​​ រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៍មួយគ្រឿង​ កំពុងបើកបរសុខៗ ស្រាប់តែដាច់ហ្វ្រាំង ជ្រុលចង្កូតទៅបុករះតូបលក់ដូរ កិនម៉ូតូ និងរថយន្ដ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទី​ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្បែរផ្សារសាមគ្គី ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបើកបរក្នុងល្បឿនមធ្យម។ លុះពេលរថយន្តបើកមកដល់​ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតទៅបុករះតូបលក់ដូរ ម៉ូតូ និងរថយន្ដ​របស់ប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ និងអ្នកដំណើររត់គេច ចេញពីរថយន្ដបង្ក​ ទាំងបាតជើងសព្រាត។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបរ​បានបើកទ្វាររថយន្ដលោតចុះ រត់គេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ ចាត់ទុកថា សំណាងហើយដែលមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

មន្ត្រីនគរបាលចរាចរក្រុងប៉ៃលិន បានឲ្យដឹងថា រថយន្ដបង្ក ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 5A-0032 មិនស្គាល់អត្ដសញ្ញាណរបស់អ្នកបើកបរ ពីព្រោះគេបានរត់គេចខ្លួនបាត់ស្រមោល។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្ដាលឲ្យខូចខាត​រថយន្ត​ចំនួន​១​គ្រឿង​ ម៉ូតូ​ចំនួន​ ០៩​គ្រឿង​ (ធ្ងន់៤​គ្រឿង និង​ស្រាល​៥​គ្រឿង​) និងតូប​លក់ដូរ​ចំនួន​៣​ខ្នង​ ហើយនិងសម្ភារ​មួយ​ចំនួន​ទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្ដបង្ក និងវត្ថុតាងពាក់ព័ន្ធទៅរក្សាទុក​ នៅក្នុងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕