ខេត្តកោះកុងៈ រថយន្តដឹកថ្មមួយគ្រឿង បានបើកចុះពីលើចំណោត បោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូត​ខុសផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចអន្ទង់អាំងធំ តាមផ្លូវជាតិលេខ៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិ​ជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដមួយគ្រឿង​បានបើកដឹកថ្ម ចេញពីត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ ដើម្បីយកទៅជួលផ្លូវជាតិ​លេខ៤៨។ លុះពេលបើកមកដល់កន្លែងកើតហេតុដែលជាចំណុចចុះចំណោត ដោយសាររថយន្តមានល្បឿន​លឿនពេក ទើបធ្វើឲ្យអ្នកបើកបរជាន់ហ្វ្រាំង និងបួងចង្កូតមិនទាន់ ក៏រេខុសផ្លូវក្រឡាប់ផ្ងារជើងចង្រ្គាង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។

មន្រ្ដីនគរបាលចរាចរស្រុកបទុមសាគរ បានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯង ម៉ាក FREIGHTLINER ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6668 ព្រះសីហនុ បើកបរដោយឈ្មោះ ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងខេត្តកំពត។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ ដោយបាក់របាំងសុវត្ថិភាពចំនួន​៦សន្លឹក។ ករណីនេះ គឺដោយសារតែអ្នកបើកបរប្រើល្បឿនលឿនពេក។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះទៅពិនិត្យ និងដឹកបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ដោយឡែករថយន្ដបង្កដោយខ្លួនឯង ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយសងនូវការខូចខាតទ្រព្យសម្បត្ដិរបស់រដ្ឋ៕