ចែករំលែក

ភ្នំពេញៈ កម្មករសំណង់មួយក្រុម ​ទើបនឹងចេញពីធ្វើការ ក៏បបួលគ្នាហើលទឹក ទៅបង់សំណាញ់ចាប់ត្រី ស្រាប់តែជួបនឹងគ្រោះអកុសល លង់ទឹកស្លាប់ម្នាក់ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុស្ពានហង្ស កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ។

មន្រ្ដីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដួង សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាជាងសំណង់ មានស្រុកកំណើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តែគាត់បានមកស្នាក់នៅ និងធ្វើជាងសំណង់ នៅក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ គេឃើញកម្មករ​សំណង់ចំនួន៣នាក់ ​ទើបនឹងចេញពីធ្វើការ នៅក្នុងមជ្ឃមណ្ឌលកោះពេជ្រ។ លុះមកដល់វេលាកើតហេតុពួកគេទាំង៣នាក់ បាននាំគ្នាហែលទឹកទៅត្រើយម្ខាងទៀត ក្នុងគោលបំណងទៅបង់សំណាញ់ចាប់ត្រី ដោយជនរងគ្រោះដែលបាត់ខ្លួនជាអ្នកកាន់សំណាញ់។ លុះពេលពួកគេកំពុងតែហែលនោះ ស្រាប់តែទឹកកួចជនរងគ្រោះ ធ្វើឲ្យគេលើកដៃហៅមិត្តភក្ដិ២នាក់ទៀតដែលកំពុងហែលជាមួយគ្នាឲ្យជួយ។

ប្រភពព័ត៌មានដដែល បានបន្ដថា​ ឃើញបែបនេះ មិត្ដភក្ដិទាំង២នាក់ដែលហែលទៅដល់ចាំង បាន​ហែលត្រឡប់មកជួយជនរងគ្រោះវិញ។ ប៉ុន្តែជាអកុសល ជនរងគ្រោះបានលិចបាត់ទៅក្នុងទឹក រកមិនឃើញ បង្កឲ្យភ្ញាក់ផ្អើលឆោឡោឡើងតែម្ដង។

បើតាមសម្ដីមិត្តភក្ដិដែលហែលទឹកជាមួយនឹងជនរងគ្រោះ បានសន្និដ្ឋានថា ករណីនេះសង័្សយតែពេល​ជន​រងគ្រោះកំពុងហែលទឹក សំណាញ់បានរបូតចេញពីចង្កេះ មករុំនឹងជើងជនរងគ្រោះ​ ទើបធ្វើឲ្យគេ​ហែល​ទឹកមិនរួច ហើយលិចបាត់ទៅក្នុងបាតទន្លេតែម្ដងទៅ។

ក្រោយពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះបានមកដល់ ស្រែកទ្រហោយំ និងជួលទូករបស់ជនជាតិខ្មែរអ៊ីស្លាមឲ្យមុជរុករក តែម្ចាស់ទូកបានទារថ្លៃ៨០០ដុល្លារសហរដ្ឋ​អាមេរិក។ លុះពេលពួកគេចរចាគ្នាទៅ ទើបព្រមព្រៀងត្រឹម៤០០ដុល្លារ ប៉ុន្តែនៅតែរកសាកសពរបស់ជនរងគ្រោះមិនឃើញដដែល៕