ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសំដែងស្រី ទូច ស្រីល័ក្ខ ដែលជាតារាពហុជំនាញ ហើយពូកែលេងសើចក្រមិចក្រមើមនោះ ហើយទស្សនិកជនទាំងអស់ តែងតែឃើញនាងឧស្សាហ៍បង្ហាញខ្លួន នៅក្នុងកម្មវិធីជាច្រើននៅក្នុងស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ។

ស្ទើរតែមិនគួរឲ្យជឿ ស្រាប់តែថ្មីៗនេះ តារាស្រីខាងលើ បានបង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានសរសេរនៅក្នុងគណនីហ្វេសប៊ូករបស់នាង រៀបរាប់ពីជំងឺដ៏កាចសាហាវ ហើយនាងបានលាក់ទុកវាជាយូរមកហើយនោះ ដោយសាររបស់នាងបានសរសេរថា “ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់ពិបាក ជំងឺបាក់ទឹកចិត្តវាកាន់តែធ្វើឲ្យខ្ញុំពិបាកទៅៗ អ្នកគេមើលមកខ្ញុំថាខ្ញុំសប្បាយតែពេលខ្លះលួចយំក្នុងចិត្ត ស្អែកខ្ញុំត្រូវជួបលោកពេទ្យខាងផ្លូវចិត្ត សង្ឃឹមថាខ្ញុំនឹងប្រសើរឡើងបន្ទាប់ពីជួបគាត់ហើយ” ។

ទោះជាយ៉ាងណា កាលពីមុនគេធ្លាប់តែបានឃើញ អ្នកនាង ទូច ស្រីល័ក្ខ ចេញមុខយ៉ាងច្រើនក្នុងការជួយដល់សិល្បករ ដែលមានទុក្ខត្រូវការជំនួយ ហើយនាងក៏តែងតែជួយលើកទឹកចិត្ត ដល់គ្រប់សិល្បករទាំងឡាយ ដោយមិនរើសអើង មានជាអាទិ៍ដូចជាលោក យូ ឌីស្កូ ជាដើម តែអ្វីដែលនឹកស្មានមិនដល់នោះ ស្រាប់តែនាងបានបង្ហាញពីជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ កើតមាននៅក្នុងខ្លួនរបស់នាងទៅវិញ ។

ក្រោយពីបានឃើញសារដ៏សោកសៅរ៍របស់នាងរួចមក មានញាតិមិត្ត សិល្បករ និងអ្នកគាំទ្រនាងជាច្រើន បានសរសេរមកលើកទឹកចិត្តដល់រូបនាង ឲ្យខំប្រឹងធ្វើចិត្ត និងអារម្មណ៍ឲ្យរឹងមាំ កុំចុះចាញ់និងជំងឺបាក់ទឹកចិត្តនេះផងដែរ ៕