ប្រទេសថៃៈ ចោរប្លន់ប្រដាប់អាវុធមួយក្រុម​ បាន១ឆ្មក់ចូលប្លន់ ក្នុងហាងមាស «G99» របស់ថៅកែថៃ ប្លន់អស់មាសមានទម្ងន់២៨បាត គិតជាទឹកប្រាក់ចំនួនជាង៤,៨សែនបាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាល​ពី​វេលាម៉ោង២ និង៤៣នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងផ្សាររុងក្លឿ មានទីតាំងនៅជិតធនាគារកសិករ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង័្សយក្រុម​ពាក់ម៉ាស់បិទមុខជិត និងពាក់មួកកាពារសុវត្ថិភាព ជិះម៉ូតូពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ នាំគ្នាសម្រុកចូលក្នុងហាងមាស «G99» ដែលមានទីតាំងនៅជិតធនាគារកសិករ។ ភ្លាមៗនោះ ក្រុមចោរ​បានដកកាំភ្លើងខ្លី ភ្ជង់ប្លន់ម្ចាស់ហាង និងបុគ្គលិក ប្លន់យកគ្រឿងអលង្ការដែលធ្វើពីមាសសុទ្ធ ដាក់ក្នុងកាតាប ហើយឡើងជិះម៉ូតូគេចខ្លួនបាត់អស់។

ម្ចាស់ហាងជាជនជាតិថៃ បានឲ្យដឹងថា នៅក្នុងអំពើប្លន់ប្រដាប់អាវុធនោះ ក្រុមចោរបានប្លន់យកគ្រឿងអលង្ការដែលធ្វើពីមាសសុទ្ធ​មានទម្ងន់២៨បាត គិតជាប្រាក់ថៃចំនួនជាង៤,៨សែនបាត ឬស្មើ​នឹងជា១៤៥៣០ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែបន្ទាប់ពីក្រុមចោរគេចខ្លួនបាត់អស់ ទើបឃើញសមត្ថកិច្ច​ថៃ មកដល់។

ទោះជាយ៉ាងណា នៅក្នុងករណីនេះ​មិនបានបង្កឲ្យមានអ្នកណាម្នាករងរបួសនោះឡើយ តែវាបានធ្វើឲ្យអាជីវករថៃ និងអាជីវករខ្មែរ​ ដែលកំពុងលក់ដូរ និងរកស៊ី នៅក្នុងផ្សារនោះ មានការភ័យខ្លាច និងព្រួយ​បារម្ភពីសុវត្ថិភាពរបស់ពួកគេ៕