​ភ្នំពេញៈ ធនាគារជាតិ​ នៃ​កម្ពុជា (NBC) គាំទ្រ​ឲ្យ​មានការ​ទូទាត់​ប្រាក់​យ​ន់​របស់​ចិន និង​ប្រាក់រៀល​កម្ពុជា នៅក្នុង​ប្រព័ន្ធ​ធនាគាររបស់ប្រទេសកម្ពុជា សម្រាប់​ការដោះដូរ​ទំនិញ​របស់​ពាណិជ្ជករ ​នៃ​ប្រទេស​ទាំងពីរ​ តែមិនមានជាការចាយវាយ​សាច់ប្រាក់​យន់​ នៅក្នុងប្រទេស​កម្ពុជានោះឡើយ។

ធនាគារជាតិ នៃកម្ពុជា បានរៀបចំ​សន្និសីទកាសែត​មួយ ​នៅ​ថ្ងៃទី​៣០ ​ខែតុលា ឆ្នាំ២០១៨ នៅក្នុង​បំណង​ពន្យល់​ដល់​សាធារណជនឲ្យ​ចៀសវាង​ការ​យល់ថា ស្ថាប័ន​របស់ខ្លួន​គាំទ្រ​ឲ្យ​មានការ​ចរាចរ​សាច់ប្រាក់​យ​ន់​ នៅ​ក្នុងកម្ពុជា​។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ នៃ​ធនាគារជាតិ បានលើកឡើងថា ធនាគារជាតិ​គាំទ្រ​ឲ្យ​មានការ​ទូទាត់​ទៅវិញទៅមក ​រវាង​ប្រាក់​យ​ន់ និង​ប្រាក់រៀល​របស់​ពាណិជ្ជករ នៃ​ប្រទេស​ទាំងពីរ ជា​ជាង​​ការពឹងផ្អែក​តែ​ទៅលើ​ដុល្លាររបស់សហរដ្ឋអាមេរិក​។

លោកស្រី បានបន្ដថា «​យើង​ចង់​ឲ្យ​ពា​ណិជ្ជ​ករ​កម្ពុជា​ទូទាត់​ឲ្យ​ចិន​ជា​ប្រាក់​យន់ ហើយ​យើង​ចង់​ឲ្យ​ចិន​ទូទាត់​ឲ្យ​ពា​ណិ​ជ្ជករ​របស់យើង​វិញ​ជា​ប្រាក់រៀល​។ នេះ​ជា​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ ដែល​យើង​កំពុង​ដើរ​តាម​កន្លង​និន្នាការ​អន្តរជាតិ។ ​ម្យ៉ាងទៀត​ នៅពេលនេះយើង​​កំពុងតែ​ជំរុញ​ឲ្យមានការប្រើប្រាស់​ប្រាក់រៀល​ដោយ​ប្រយោល​ផងដែរ​»​។

លោកស្រី បានបន្ដថា ​មិនមែន​តែ​ចិន​នោះទេ កម្ពុជា​ចង់​​ទូទាត់​ផ្ទាល់ ​រវាង​រូបិយ​ប័ណ្ណ​ទ្វេភាគី​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់ ដោយ​មិនចាំបាច់​ទូទាត់​ជា​លុយ​ដុល្លាររបស់​អាមេរិកនោះ​ឡើយ ​ហើយ ​កិច្ចសហការ​នេះ យើង​មិន​ចង់​ធ្វើ​តែ​ជាមួយ​ចិន​នោះទេ។ បច្ចុប្បន្ន​ក្នុង​តំបន់​អាស៊ាន គឺ​គេ​ចង់​ទូទាត់​ជា​រូបិយប័ណ្ណ​ជាតិ​រៀងៗ​ខ្លួន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដោយ​ប្រទេស​ទាំងនេះ​មិន​ចង់​ពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រាក់ដុល្លារ​អាមេរិក​​នោះទេ​។ បើ​ពឹងផ្អែកតែ​លុយ​ដុល្លារ​អាមេរិក​ច្រើន ​ដូច​សព្វថ្ងៃនេះ នៅពេល​លុយអាមេរិក​មាន​បញ្ហា យើង​នឹងរង​នូវផលប៉ះពាល់​​។​

លោកស្រី បានបន្ដថា ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ ធនាគារជាតិ នៃកម្ពុជា​ មិនបាន​គាំទ្រ​ឲ្យ​ចាយ​ក្រដាសប្រាក់​យន់​ នៅ​ក្នុងប្រទេសកម្ពុជានោះ​ឡើយ​។ នេះ​មិនមែន​បានន័យថា ឲ្យ​ចិន​ដឹក​លុយ​យន់​យកមកប្រើ​ប្រាស់ ​នៅ​ក្នុងប្រទេសកម្ពុជា​នោះទេ យើង​អត់​ចង់បាន​​ករណី​ប្រាក់ដុល្លារអាមេរិក ដូច​សព្វថ្ងៃនេះ​ទេ​​។ ​តាមពិត​ទៅ អ្វីដែល​យើង​ធ្វើ​នេះ គឺ​តែ​លុយ​ក្នុង​ប្រព័ន្ធ​ធនាគារ​ប៉ុណ្ណោះ គឺ​មានតែ​តួលេខ​ទេ​។ ឧទាហរណ៍​ពាណិជ្ជករ​កម្ពុជា​នាំ​ឥដ្ឋការ៉ូ​ពី​ចិន ដូច្នេះ​ត្រូវ​យកលុយ​រៀល ឬ​ដុល្លារ​របស់ខ្លួន ដូរ​យកលុយ​យ​ន់ ក្នុង​ប្រព័ន្ធ​ធនាគារ ហើយ​ទូទាត់​ឲ្យ​ភាគី​ចិន​។

លោកស្រី បានបន្ដថា ដោយឡែកភាគីចិនវិញ បើ​ទិញ​អង្ករ​ពី​ពាណិជ្ជករ​កម្ពុជា ដែល​ពីមុន​ទូទាត់​ជាប្រាក់​ដុល្លារ បានន័យថា​ ចិន​ត្រូវ​ដូរ​លុយ​យន់​មក​ដុល្លារ​ ហើយ​ឲ្យ​មក​ពាណិជ្ជករ​យើង​។ ប៉ុន្តែ​អ្វីដែល​យើង​ចង់​ជំរុញ គឺចង់​ឲ្យ​អាជីវករ​ចិន យកលុយ​យន់​របស់ខ្លួន មកដូរ​យកលុយ​រៀល ហើយ​ទូទាត់​ជាមួយនឹង​អាជីវករ​ខ្មែរយើង​។

ទោះជាយ៉ាងណាលោកស្រី បានបញ្ជាក់ថា កម្ពុជា ជា​ប្រទេស​សេរី គឺយើង​អត់​បិទ​មូលធន​ទេ ទាំង​ចេញ ទាំង​ចូលក្នុង​ប្រទេស​ ហើយ​លុយ​ដែល​ប្រើប្រាស់កន្លងមក ក៏យើង​អត់​មានការ​ហាមឃាត់​ដែរ​។ ប៉ុន្តែ​យើង​ចង់​ឲ្យ​ពលរដ្ឋយើង​ទុកចិត្តនឹង​ប្រាក់រៀល ពេលនោះពួកគាត់​នឹង​យកតែ​លុយ​រៀល​​។​

បើតាម​តួលេខ​បានបង្ហាញថា ការទូទាត់​ប្រាក់​យន់​ ក្នុងការ​ជួញដូរ​ធំៗ មានការ​កើនឡើង​។ នៅក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាននាំចូល​ទំនិញ​ពី​ចិន មានចំនួនទឹកប្រាក់៥,២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​ទូទាត់​ជា​ប្រាក់​យន់​ឲ្យ​ចិន ដែល​គិត​ជា​ដុល្លារ​ស្មើ១៣០​លាន​ដុល្លារ​។ ដោយឡែក​កម្ពុជា​បាននាំចេញ​ទៅ​ចិញ​វិញ មាន​ទឹកប្រាក់ចំនួន៧៥៣​លាន​ដុល្លារ ហើយ​ទូទាត់​ជា​ប្រាក់​យន់​មកវិញ​ មានប្រមាណ៩​ភាគរយ​៕