រាជធានីភ្នំពេញ៖ នៅថ្ងៃស្អែកនេះ គឺជាថ្ងៃដែលសាលាឧទ្ធរណ៍ប្រកាសសាលដីកា ពាក់ព័ន្ធករណីប្រើប្រាស់ អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារ ជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៥ នេះគឺជាសំណុំរឿងរបស់តារាចម្រៀងវ័យក្មេងស្រស់ស្អាត ឈ្មោះ សុខ ចិន្តា ហៅវ៉ាន់ នីឡា ។

គ្រាន់តែជិតដល់ថ្ងៃប្រកាស សាលដីកាចូលមកដល់ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារនៅក្នុងហ្វេសប៊ូករបស់ខ្លួន អំពាវនាវដល់សាលាឧទ្ធរណ៍ បន្ដផ្ដល់យុត្តិធម៌ឲ្យខ្លួនដូចសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ដោយសាលាដំបូងបានផ្ដល់យុត្តិធម៌ដូចក្ដីបំណង ហើយនាងមានការពេញចិត្តជាខ្លាំង ចំពោះការផ្ដន្ទាទោស ទៅលើអតីតសង្សាររបស់នាង ពីសំណាក់តុលាការ។

តារាចម្រៀងវ័យក្មេងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ស្អែកនេះសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ»។

សូមរំលឹកថា ​តារាចម្រៀង វ៉ាន់ នីឡា បានទទួលនូវពន្លឺយុតិ្តធម៌ពីសាលាដំបូងរាជធានីភ្នំពេញ ដោយជនជាប់ចោទ​ ត្រូវជាអតីតសង្សាររបស់ខ្លួន គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និង​ពិន័យទឹកប្រាក់ប្រមាណ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) នៅក្នុងសំណុំរឿងលួចទម្លាយរូប​​ស្រាតរបស់នាង កាលពីឆ្នាំ២០១៥។

ជាមួយនឹងការកាត់សេចក្ដី​របស់តុលាការនេះ វ៉ាន់ នីឡា បានសរសេរនៅក្នុងសង្គមហ្វេសប៊ុក របស់នាង កាលពីពេលកន្លងទៅថា «សួស្ដីអ្នកទាំងអស់គ្នា នេះគឺជាដំណឹងល្អ ! តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ។ ១-ផ្តន្ទាទោស គុយសិទ្ធិសក្តិ ចំនួន១ឆ្នាំ,២-សំណងជំងឺចិត្ត២០០លានរៀល»។

វ៉ាន់ នីឡា បានបន្តទៀតថា «នាងខ្ញុំសូមអរគុណបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អរគុណសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម, ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី នួន បូរ៉ា និងលោកមេធាវី ជា សុខចាន់ ក៏ដូចជាបងប្អូនសិល្បករ ដែលបានផ្តិតមេដៃលើញត្តិចំនួន៦០០នាក់ជាង តាមរយៈលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ដើម្បី​ជំរុញចំណាត់ការ របស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។ នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិត នាពេលបន្តិចទៀតនេះ​​»។

គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ​ ធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឲ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។

សូមបញ្ជាក់ថា​ រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ឥឡូវត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ដោយផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន២០០លានរៀល។

នៅក្នុងការប្រកាសសាលក្រមនេះ គេពុំបានឮលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសចេញដីកាបង្គាប់​ឲ្យចាប់ខ្លួន ជនជាប់ចោទ គុយ សិទ្ធិសក្តិ ទេ (ពុំមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេ) តែបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕