សិល្បៈ៖ ឈានជើងចូលក្នុងផលិតកម្មសាន់ដេមិនទាន់បានយូរស្រួលបួលប៉ុន្មានផង តារាចម្រៀងថ្មី យឿន សូតអនុស្សាវរីយ៍ បានធ្វើឱ្យទស្សនិកជន ជាពិសេសមិត្តយុវវ័យគាំទ្រយ៉ាងខ្លាំងជាមួយបទចម្រៀងទី១ ក្នុងផលិតកម្មសាន់ដេ គឺបទ «ម៉ោជួយខ្មាតផង» ដែលជាបទភ្លេងថ្មី ។

បន្ទាប់ពីទទួលបានជោគជ័យតាមរយៈបទចម្រៀងខាងលើនេះ ស្រាប់តែថ្មីៗនេះ តារាចម្រៀងមានឈានជ័រជាអ្នកកំពង់ស្ពឺខាងលើ បានចេញបទចម្រៀងមួយបទទៀតមានចំណងជើងថា «ជើងមេឃពណ៌ខ្មៅ» ហើយសម្រាប់បទទី២នេះ គេសង្កេតឃើញថា ក៏ទទួលបានការគាំទ្រខ្លាំងមិនចាញ់បទចម្រៀងទី១ ប៉ុន្មានឡើយ ។

ជួបជាមួយលោក យឿន សូតអនុស្សាវរីយ៍ ផ្ទាល់តាមរយៈទូរស័ព្ទ លោកបានឱ្យដឹងថា ទម្រាំលោកបានឈានជើងមកដល់ចំណុចនេះ គឺពុំងាយស្រួលឡើយ ដោយធ្លាប់ឆ្លងកាត់ការលំបាក និងភាពបរាជ័យជាច្រើនលើកច្រើនសាររួចមកហើយ ដូចនេះ នេះជាមោទកភាពមួយសម្រាប់ការតស៊ូរបស់លោក ពីជីវភាពជាកូនអ្នកស្រែចំការរហូតក្លាយជាតារាចម្រៀងដ៏លេចធ្លោម្នាក់ នៅក្នុងផលិតកម្មសាន់ដេ ដែលជាផលិតកម្មដ៏ធំក្នុងប្រទេសកម្ពុជា ។

យឿន សូតអនុស្សាវរីយ៍ បានរៀបរាប់ពីប្រវត្តិខ្លះៗរបស់លោក យ៉ាងដូច្នេះថា លោកមានស្រុកកំណើតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានបងប្អូនចំនួន ៧នាក់ ហើយលោកជាកូនពៅក្នុងគ្រួសារ ដែលបច្ចុប្បន្នលោកនៅលីវនៅឡើយ ។

ដោយសារតែជីវភាពគ្រួសារខ្វះខាត អនុស្សាវរីយ៍ បានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី ៩ ហើយក៏ស្រវាចាប់ក្ដីស្រមៃជាតារាចម្រៀង ដោយបានដាក់ពាក្យប្រលងស្ទើគ្រប់កម្មវិធីប្រលងចម្រៀងទាំងថ្នាក់ជាតិ និងកម្មវិធីលំដាប់ថ្នាក់ពិភពលោក តែទទួលបរាជ័យជានិច្ច រហូតដល់នៅឆ្នាំ២០១៧ កន្លងមកនេះ លោកក៏បានធ្វើឱ្យមហាជនជាច្រើននាក់ស្គាល់តាមរយៈការបកស្រាយបទចម្រៀង «ស្ទឹងត្រែងបងអើយ» ក្នុងកម្មវិធីប្រលងចម្រៀង ពេជ្យកំពុងច្នៃ របស់ស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែយ៉ាងណាមិញ លោកក៏ទទួលបរាជ័យម្ដងទៀត ដែលសូម្បីតែឆ្លងកាត់វគ្គទី២មិនបានផង ។

ដោយសារតែភាពស្មោះត្រង់ និងមានអំណោយទានពីកំណើតផងនោះ អនុស្សាវរីយ៍ បានទទួលការអាណិតស្រឡាញ់ពីសំណាក់អ្នកនិពន្ធល្បីឈ្មោះម្នាក់ក្នុងផលិតកម្មសាន់ដេ គឺលោក សុន រដ្ឋា ហើយក៏បានទទួលយកលោកទៅបណ្ដុះបណ្ដាលរយៈពេលជិត១ឆ្នាំ រហូតដល់បានឱកាសពីលោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងផលិតកម្មសាន់ ទទួលឱ្យក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ហើយសម្រាប់ការផ្ដល់ឱកាសដ៏ធំនេះ ធ្វើឱ្យ អនុស្សាវរីយ៍ រំភើបយ៉ាងខ្លាំង និងពុំអាចបំភ្លេចគុណនេះបានឡើយ ៕
សហការី KBN


អនុស្សាវរីយ៍ បកស្រាយបទចម្រៀង «ស្ទឹងត្រែងបងអើយ» ក្នុងកម្មវិធីប្រលងចម្រៀង ពេជ្យកំពុងច្នៃ របស់ស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍