សិល្បៈ៖ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង ប៉ុន្តែអ្វីដែលនឹងស្មានមិនដល់ក្នុងឆាកជីវិតរបស់នាយនោះ គឺថ្មីៗនេះលោកយាយជាទីស្រឡាញ់របស់នាយ បានទទួលមរណៈភាពទៅហើយ ។
យោងតាមសារដ៏ក្រៀមក្រំរបស់ម្ចាស់បទ «សូមទោសប៊ិច សូមទោសសៀវភៅ» ខាងលើ តាមរយៈគណនីហ្វេសប៊ុក បានបង្ហាញឱ្យឃើញថា លោកយាយរបស់នាយ បានទទួលមរណៈភាព ទាំងដែលនាយពុំទាន់ដង្ហើម ហើយអ្វីដែលធ្វើឱ្យនាយសោកស្ដាយខ្លាំងបំផុតនោះ គឺបំណងចង់បានលោកយាយទៅរស់នៅជុំគ្នាលើវីឡាដ៏ស្កឹមស្កៃដែលសម្រេចសាងសង់បាន ៧៥ភាគរយទៅហើយ ប្រែជារលាយទៅវិញ ។
នាយ ចឺម បានសរសេរយ៉ាងដូច្នេះថា «ចៅមកមិនទាន់ដង្ហើមយាយ សូមអោយវិញ្ញាខ័ណ្ឌលោកយ៉ាយទៅកាន់សុខគតិភព ចៅស្រលាញ់លោកយ៉ាយ ចៅកំពុងតែប្រឹងរកលុយដើម្បីសង់ផ្ទះអោយធំនឹងបានយកលោកយ៉ាយទៅនៅជាមួយ ឪពុកម្តាយចៅ ឥឡូវចៅសង់ផ្ទះបាន75%ហើយ លោកយាយទៅចោលចៅបាត់ លោកយាយអត់ចាំនៅផ្ទះថ្មីជាមួយចៅទេ» ៕
សហការី KBN
ប្រភព៖ FB (Jerm Singer)