ភ្នំពេញ៖ បុរសម្នាក់ប្រពន្ធស្តីបន្ទោសរឿងមិនរកការងារធ្វើ គិតតែអង្គុយផឹកស្រា ខឹងប្រពន្ធខ្លាំងពេកប្រមូលខោអាវ និងសម្ភារៈក្នុងផ្ទះដុតអស់ ម្ចាស់ផ្ទះភ័យ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃទី ២១ខែតុលា ឆ្នាំ២០១៨នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនបង្កដែលជាជនសង្ស័យឈ្មោះ ហម ហាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ បឹងទិញ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ អែម សុភី អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិជាមួយគ្នា មានស្រុកកំណើតនៅស្រុកជាមួយគ្នាដែរ តែនៅភូមិផ្សេងគ្នា។

តាមប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ ផឹកស្រាស្រវឹងតាំងពីព្រឹកគាត់បានស្តីបន្ទោស តិចតួច ព្រោះគាត់មិនខំរកការងារធ្វើ បែរជានៅតែបន្ទប់មិនចេះ ខ្មាសគេ គិតតែផឹកស្រា ធ្វើឱ្យប្តីខឹងគាត់យ៉ាងខ្លាំង ពេលនោះគាត់ភ័យពេកខ្លាចប្តីប្រើអំពើហិង្សា ក៏បានចេញពីបន្ទប់ ស្រាប់តែប្តីរបស់គាត់បានវាយសម្ភារៈ និងប្រមូលខោអាវដុតក្នុងបន្ទប់ជួល ទើបប្រជាពលរដ្ឋនៅផ្ទះជួលមានការភិតភ័យបាននាំគ្នា ដងទឹកមកជួយពន្លត់ភ្លាមៗផងដែរ ។ រីឯប្តីគាត់ពេលដែលភ្លើងរលត់ហើយបានចូលដេកនៅ ក្នុងបន្ទប់ធ្វើប្រងើយ ដូចមិនដឹងរឿងអ្វី ។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលភ្លាមៗនោះដែរ ម្ចាស់ផ្ទះបានទូរស័ព្ទប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ហើយឃាត់ បុរសខាងលើ យកទៅសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ខណៈពេលសមត្ថកិច្ចកំពុងនាំជនបង្កខាងលើចេញពីផ្ទះជួល ស្រាប់តែមានបុរសម្នាក់គ្រាន់តែដឹងថាជាអង្គរក្សម្ចាស់ផ្ទះជួលខាងលើ បានវាយជនបង្ក យ៉ាងធ្ងន់ធ្ងរផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចបាននាំជនបង្កយកទៅសួរនាំបានដឹងថា ជនបង្កខាងលើ គឺជាជនសង្ស័យ ដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលចំនួន៥ឆ្នាំ មកហើយគឺធ្វើសកម្មភាពប្លន់យកម៉ូតូនៅម្តុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ក្រោយពេលកើតហេតុ បន្ទាប់ពីម្ចាស់ផ្ទះបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនញដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ ៕