ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ត្រូវឃាតកសម្លាប់ រួចយកសាកសពមកព្យួរក ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ​បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាច ថ្ងៃទី២០ ខែតុលា អ្នកភូមិបានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកគុបបញ្ឈរចោល នៅជិតកន្លែងកើតហេតុ។ ឃើញបែបនេះ ពួកគាត់បានដើរទៅអើតមើល នៅក្នុងរោងចាំចម្ការនៅក្បែរនោះ ក្រែងម្ចាស់ម៉ូតូដេកលក់ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ចងកលើ ក្នុងរោងនោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ពួកគាត់បានប្រញាប់ប្រញាល់រាយការណ៍ទៅប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែតុលា ទើបសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុ។

មន្រ្ដីនគរបាលជំនាញស្រុក បានឲ្យដឹងថា បើតាមការពិនិត្យមើល គឺជនរងគ្រោះមានអាយុប្រហែលជាង៣០ឆ្នាំ។ រីឯសាកសព ត្រូវបានព្យួរ.កនឹងដែកលួស ហើយដៃទាំង២ចងភ្ជាប់ដោយអាវ។ ដូច្នេះករណីនេះ មិនមែនរឿងអត្តឃាត តែវាអាចជាប់សង្ស័យនឹងរឿងឃាតកម្ម។ បន្ទាប់មកសមត្ថកិច្ចស្រុកបានទាក់ទងទៅមន្ត្រីនគរបាលបច្ចេកទេសខេត្ត ឲ្យចុះមកធ្វើកោសល្យវិច័យលើសព ទើបអាចបញ្ជាក់ច្បាស់ថា វាជាករណីអត្តឃាត ឬជាករណីឃាតកម្ម។ ជនរងគ្រោះមិនមែនជាមនុស្សរស់នៅក្នុងភូមិស្រុកក្បែរៗនេះទេ។

ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលបានបាត់សមាជិកក្នុងគ្រួសារ សូមប្រញាប់ទាក់ទងសមត្ថកិច្ចមូលដ្ឋាន ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី និងសហការជាមួយសមត្ថ​កិច្ច ប្រាប់តម្រុយដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនឃាតកនាំមកផ្ដន្ទាទោសតាមច្បាប់៕