ហ្វេសប៊ុក៖ ជារឿងដ៏ហូសចិត្តបំផុតមួយសម្រាប់អ្នកដែលនិយមតាមដានព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីលោក K01 ដែលជាអ្នកកាសែតល្បីឈ្មោះរូប តែបែជាផ្សាយព័ត៌មានមិនច្បាស់ការមួយទាក់ទងនឹងករណីសពចងព្យួលើដើមឈើ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បង្កឱ្យមានការយល់ច្រឡំយ៉ាងខ្លាំង ។

ក្រោយពីមានការចុះផ្សាយ មានករណីសិស្សស្រីគម្នាក់ត្រូវបានគ្រូរំលោភ ហើយសម្លាប់បំបិទមាត់រួចចងព្យួសាកសពនៅលើដើមឈើស្ថិតក្នុងទីតាំងខាងលើនេះ អាជ្ញាធរឃុំ កំពង់ភ្លុក ក៏បានចេញសារបកស្រាយថា ពុំមែនជាពិតដូចអ្វីដែល K01 បានចុះផ្សាយឡើយ តាមពិតសាកសពទាំងនោះជាសាកសពក្លែងក្លាយដែលផលិតកម្មថោនយកទៅចងព្យួដើម្បីថតកុនតែប៉ុណ្ណោះ ដូចនេះចំពោះការភាន់ច្រឡំទាំងប៉ុន្មានពីសំណាក់មហាជនគឺ K01 និងផលិតកម្មថោនផ្ទាល់ជាអ្នកទទួលខុសត្រូវ ចេញមុខបកស្រាយ ។

នៅក្នុងសាររបស់ អាជ្ញាធរឃុំ កំពង់ភ្លុក បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជាអាជ្ញាធរឃុំ កំពង់ភ្លុក សូមធ្វើការបដិសេធទាំងស្រុងនូវព័ត៌មានដែល លោក k01 បានផ្សាយថាមានករណីគ្រូរំលោភសិស្សខ្លួុនឯងហើយសំលាប់ព្យួុរនៅក្នុងព្រៃគុបកំពង់ភ្លុកនោះមិនមែនជារឿងពិតឡើយ សូមកុំយល់ច្រឡំ សាច់រឿងនោះជាសាច់រឿងដែលក្រុមលោកk01 បានមកថតកុនរឿង ខ្មោចនាងគរ អោយផលិតកម្ម ថោននៅក្នុងព្រៃគុបកំពង់ភ្លុក សូមលោកk01 បកស្រាយសុំទោសប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ពាក់ពន្ធ័និងព័ត៌មានខាងលើជាសាធារណៈជាបន្ទាន់» ។

គួរបញ្ជាក់ដែរថា ជុំនិងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលទៅកម្សាន្តនៅតំបន់ខាងលើនេះ បានធ្វើឱ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ដោយលើកឡើងថាជាបុគ្គលផ្សាយព័ត៌មានបំពុលសង្គម ព្រោះការចុះផ្សាយព័ត៌មានមិនពិត ហើយនិយាយធ្វើដូចជាច្បាស់នេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការចូលមកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងតំបន់ខាងលើ ៕