ព្រះ​សីហ​នុ ៖ ទឹក​បឹង​ព្រែក​ទប់​លែង​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ស្អាត សំរាប់​អ្នក​ក្រុងព្រះសីហនុ ប្រើប្រាស់​ទៀត​ហើយ ទឹក​ព្រែក​ទប់ គឺ​រដ្ឋបាល​ខេត្ត​បាន​ឈប់​យក​មក​ផ្គត់ផ្គង់ និង​ចែកចាយ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ ដោយ​ទឹក​បឹង​នេះ​មានទឹក​ស្អុយ​ហូរ​ចូល មិន​អាចយ​កមក​ប្រើប្រាស់​ដូច​មុន​ឡើយ ដោយ​បច្ចុប្បន្ន​ទឹក​ស្អាត បាន​ទាញ​យក​ប្រភព​ទឹក​ពី​ព្រែក​ទឹកសាប​ក្បាលឆាយ យក​មក​ប្រើប្រាស់​ជំនួស ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា «​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល បាន​ផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ឯកជន ដោយ​កាត់​ផ្ទៃ​បឹង​មួយ​ចំណែក​សំរាប់​ធ្វើការ​អភិវឌ្ឍន៍ និង​មួយ​ភាគ​ធំ​ទៀត​សំរាប់​កែ​លម្អរ ​អោយទៅ​ជា​សួន​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍ ។ នៅ​ក្នុង​គម្រោង​ដែល​បាន​គ្រោងទុក ក៍​មាន​សាងសង់​នូវ​ផ្លូវ​កាត់​ដើម្បី​បញ្ជៀ​ស​ចរាចរ ព្រមទាំង​មានការ​រៀបចំ​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌​ផង​ដែរ ។ ការ​រៀបចំ​កែ​លម្អ​ផ្ទៃ​បឹង​នេះ នឹង​ត្រូវធ្វើ​ឡើង​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ ព្រមទាំង​អោយ​ក្លាយទៅជា​រម​នី​យ៍​ដ្ឋា​ន​ទេសចរណ៍ កំសាន្ត​ដែល​មាន​ភាព​ទាក់ទាញ​សំរាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កំសាន្ត ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បញ្ជាក់​ថា ចំពោះ​ប្រភព​ទឹក​ស្អាត ដែល​ត្រូវ​ផ្គត់​អោយ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​យក​ចេញពី​អាង​ស្តុក​ទឹក​តំបន់​ក្បាលឆាយ ដែល​ជា​ប្រភព​ទឹកធម្មជាតិ មាន​វិសាលភាព​ផ្គត់ផ្គង់​លើ​ការ​ប្រើប្រាស់​គ្មាន​ការ​ព្រួយ​បារ​ម្ម​ណ៍ ជំនួស​បឹង​ព្រែក​ទប់ ដែល​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​បាន​គោក​រាក់ និង​បាត់បង់​គុណភាព ។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ប្រតិកម្ម​នានា​ជុំវិញ​ការ​លុប​បឹង​មួយ​នេះ ក៏​ដូច​ជា​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាត់​ផ្ទៃដី​ជាង​១១​ហិ​កតា​ចេញពី​តំបន់​អភិរក្ស​បឹង​ព្រែក​ទប់ ៕