ត្បូងឃ្មុំ ៖ កម្លាំង​គយ​ចល័ត​ខេត្ត​ត្បូងឃ្មុំ បាន​ឆ្មក់​ចុះ​បង្ក្រាប​បាន​ស្រា​បៀរ Heineken ចំនួន​៥,០០០​កេស និង​កាហ្វេ​៥០០​កេស ដែល​លួច​នាំ​ចូល​ខុសច្បាប់ មក​ពី​ប្រទេស​វៀតណាម ។

ការ​បង្ក្រាប​បាន​ស្រា​បៀរ Heineken និង​កាហ្វេ នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត ជា​ប្រធាន​តំបន់​៦ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង ដោយ​មានការ​ឯកភាព​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​បង្ហើប​អោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ស្រា​បៀរ Heineken ដែល​នាំ​ចូល​ខុសច្បាប់​មក​ពី​ប្រទេស​វៀតណាម តាម​នៃ​មាត់ច្រក​ទន្លេ​ចាម ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​មេមត់ ខេត្ត ត្បូងឃ្មុំ ។ រថយន្ត​ជា​ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ​របស់​វៀតណាម លួច​នាំ​ទំនិញ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ច្បាប់ ហើយ​ប្រើ​រូបភាព ដោះ​ស្លាក​លេខ​បន្លំ​ធ្វើ​ជា​រថយន្ត​ក្នុងស្រុក ។

បច្ចុប្បន្ន​រថយន្ត និង​ទំនិញ​ល្មើស​ខាងលើ ត្រូវ​បាន​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ទីតាំង​គយ​ចល័ត​ខាងលើ ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើសច្បាប់​គយ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ទោះជា​យ៉ាងនេះ​ក្តី ក៏​មាន​មតិ​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំ​ៗ​ថា​ចាប់​បាន​តែ​រថយន្ត​នឹង​ពួក​ស៊ីឈ្នួល​បើករថយន្ត ចំណែក​អ្នក​ណា​នៅ​ពីក្រោយ មិន​ដែល​ចាប់​បាន ? ហើយ​អ្នក​ដែល​បើក​​អោយ​ចូល​មក​តាម​ណា​ក៏​មិន​ដែល​ដឹង ? សម័យ Samdech Hun Sen, Cambodian Prime Minister ទៅ​ហើយ​… ធ្វើ​អ​ញ្ចឹ​ង​ដូច​ធ្វើ​អោយ​មតិ​សាធារណជន​រិះគន់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ៕