ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា ចេញ​សេចក្តីសម្រេច​មួយ​ស្តី​ពី​ ​ការ​បង្កើត​ក្រុមការងារ​ចម្រុះ ទទួល និង ដោះស្រាយ​ បណ្តឹងតវ៉ា​ផ្សេង​ៗ ​នៅ​មុខ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ។

សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ក្រុមការងារ​ចម្រុះ​នេះ គឺមាន​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និងជា​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ជា​ប្រធាន អនុប្រធាន​៣​រូប និងមាន​សមាជិក​១៨​រូប​ទៀត ។

ក្រុមការងារ​ចម្រុះ​នេះ មាន​ភារកិច្ច ៖

ទទួល​ពាក្យ​បណ្ដឹងតវ៉ា​ផ្សេង​ៗ នៅ​មុខ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី នៅ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ និងតា​ខ្មៅ ខេត្តកណ្ដាល រួច​បញ្ជូន​ទៅ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​សម្រេច ឬធ្វើ​របាយការណ៍​ ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន ។

សហការ​ជាមួយ​អាជ្ញា​ធរ មាន​សមត្ថភាព​ពាក់ព័ន្ធ​ទាំងអស់ ទប់ស្កាត់​ក្រុម​តវ៉ា​មាន​បាតុករ​ច្រើន​នាក់ ដែល​មាន​បំណង​មក​ដាក់​ពាក្យ​បណ្ដឹងតវ៉ា​ផ្សេង​ៗ ​ជូន​សម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។

ព្យាយាម​ពន្យល់​នីតិវិធី ​ជូន​ក្រុម​អ្នក​តវ៉ា ឱ្យ​យល់​ពី​ភារកិច្ច​របស់​ក្រុមការងារ​ចម្រុះ និង ច្បាប់​ជា​ធរមាន​ផ្សេង​ៗ ។

ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀតឱកាស​ ដែល​កេង​ចំណេញ​មក​លើ​ក្រុម​អ្នក​តវ៉ា ។

អនុប្រធាន និង សមាជិក ក្រុមការងារ​ចម្រុះ ​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​របស់​ប្រធាន​ក្រុមការងារ ។

ការ​បង្កើត​ក្រុមការងារ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា រាល់ពេល​ប្រជាពលរដ្ឋ យល់​ថា ស្ថាប័ន​ឬ​ក្រសួង​មួយ​ចំនួន មិន​អាច​ស្វែងរក​យុត្តិធម៌​បាន, ពួក​គេ​តែងតែ​ប្រមូលផ្តុំ ឬហែរ​ក្បួន​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​ ជា​និច្ច ៕