ថៃ៖ នារីវ័យក្មេងម្នាក់ បានប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអគារបន្ទប់ជួលកម្ពស់៨ជាន់ បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយមិត្តប្រុសរឿងមិនព្រមទិញកាបូបឱ្យនាង ដែលករណីនេះបានកើតឡើងនៅស្រុកខួងលួង ខេត្តប៉ាផុមថានី ប្រទេសថៃ ។
នារីខាងលើមានឈ្មោះ សុនិតា អាយុ ២៤ឆ្នាំ ចំណែកមិត្តប្រុសមានឈ្មោះ អាណុន អាយុ ២៤ឆ្នាំដូចគ្នា ។ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ដោយបានឃើញនារីខាងលើឈរនៅលើមាត់បង្អួច និងគំរាមមិត្តប្រុសខ្លួនតាមទូរស័ព្ទថា នឹងលោតសម្លាប់ខ្លួន ចំណែកមិត្តប្រុសរបស់នាង បានត្រឹមឈរមើលពីក្រោម និងជួយឃាត់នាងតាមរយៈទូរស័ព្ទតែប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ឈ្លោះគ្នារហូតចង់លោតសម្លាប់ខ្លួននេះ គឺនារីជាមិត្តស្រីបានសុំឱ្យមិត្តប្រុសខ្លួនទិញកាបូបតម្លៃ ១.៥ ម៉ឺនបាត (៤៦០ដុល្លារ) ជូននាង តែខាងមិត្តប្រុសគ្មានសមត្ថភាពព្រោះថ្លៃខ្លាំងពេក ទើបអ្នកទាំងពីរនាក់ឈ្លោះប្រកែកគ្នា និងសម្រេចចិត្តថាបែកគ្នាតែម្ដង ។

នៅថ្ងៃកើតហេតុ នារីជាមិត្តស្រីក៏បានមកនិយាយជាមួយមិត្តប្រុសខ្លួនម្ដងទៀត និងសុំត្រូវគ្នាវិញ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ក៏កើតមានជាជម្លោះម្ដងទៀត រហូតដល់នារីម្នាក់នេះគំរាមលោតសម្លាប់ខ្លួនតែម្ដង ។
យ៉ាងណាមិញ ប៉ូលិសក៏បានព្យាយាមលោងលោមនារីខាងលើអស់រយៈពេលជាង ៤ម៉ោង ទើបនាងព្រមចុះវិញដោយសុវត្ថិភាព និងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យផ្លូវចិត្តទៀតផង ៕
សហការី KBN
ប្រភព៖ kapook