ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​ឡុ​ច​ស៊ី​ស LS460L មួយ​គ្រឿង ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ម្ចាស់​ចត​ស្ងៀម រួច​បើក​រត់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញចាប់​បាន ហើយ​រក​វាយ​សមត្ថកិច្ច និង​លោត​មក​វាយ​អ្នក​សារព័ត៌មាន​ថែម​ទៀត តែ​មិន​បង្ក​ឲ្យ​មាន​រង​របួស​ស្នាម ។

ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​១៩២៨ តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុង​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​សម្តី​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក HILUX REVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2A W6748 មក​ឈប់​នៅ​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​លុ​ច្ស​ស៊ី​ស LS 460L ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក មក​បុក​ពីក្រោយ ចំកាង​ខាងក្រោយ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​កំ​ពិត​តិចតួច ។

ម្ចាស់​រថយន្ត​រង​គ្រោះ បន្ត​ថា មិនដឹង​ជា​គាត់​ជា​កូន​អ្នក​ណា​ទេ ប្រហែលជា​មាន​អំណាច​ខ្លាំង​ហើយ​មើលទៅ គ្រាន់តែ​បើករថយន្ត​ប៉ះ​រថយន្ត​ខូចខាត​បន្តិចបន្តួច​សោះ មិន​ព្រម​ឈប់​ដោះស្រាយ បើករថយន្ត​គេច​ពី​កន្លែង​កើតហេតុ ។

ខណៈនោះ សមត្ថកិច្ច​ឃើញ ក៏​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ស្រាប់តែ​ម្ចាស់​រថយន្ត​បង្ក​ចេញពី​រថយន្ត​មក​បាន​ស្រែក​ឡូឡា​ឆោឡោ​ល​ផ្អើល​អស់អ្នក​ជិតខាង និង​លោត​មក​ធាក់​អ្នក​សា​ព័ត៌មាន​ដែល​កំពុង​ថត និង​សម្លុត​ហើយ​គំរាម​រករឿង​សមត្ថកិច្ច​ទៀត​ផង ។

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចាប់​ដាក់​ក្នុង​រថយន្ត​និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕