ភ្នំពេញៈ នារីវ័យក្មេងម្នាក់តូចចិត្តនឹងម្ដាយ មិនទិញចិញ្ចៀនពេជ្រ និងទូរស័ព្ទស៊េរីទំនើបឲ្យសមតាមបំណងរបស់ខ្លួន បែរជាគិតខ្លី​ជិះម៉ូតូស៊េរីទំនើប មកលោតទឹកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាល​ពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៦​ ខែតុលា ​ឆ្នាំ២០១៨ ​នៅលើស្ពាន​លីយ៉ុងផាត់ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីវ័យក្មងម្នាក់ មិនស្គាល់​ឈ្មោះ បានជិះម៉ូតូមួយគឿង ម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 មកឈប់ពីលើស្ពានលីយ៉ុងផាត់។ ស្របពេលអ្នកដំណើរមិនបានចាប់អារម្មណ៍ ស្រាប់តែនារីម្នាក់​នោះ​ បានលោតពីលើស្ពានចុះទៅក្នុងទឹកលិចបាត់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ​ចោមរោមមើល តែមិនបានឃើញនារីរងគ្រោះនោះទេ។

មន្រ្ដីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នារីដែលគិតខ្លីលោតទឹកសម្លាប់ខ្លួននោះ សមត្ថកិច្ចបាន​ស្គាល់អត្តសញ្ញាណហើយ គឹនាងឈ្មោះ សែ ពុធារី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមសម្ដីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលបែបនេះ នារីរងគ្រោះបានសុំឪពុកម្ដាយរបស់នាងទិញទូរស័ព្ទស៊េរីទំនើប និងចិញ្ចៀនពេជ្រ។ ប៉ុន្តែការទាមទាររបស់​នាងមិនបានសម្រេចដូចបំណង ទើបធ្វើឲ្យនាងកើតទុក្ខ និងមួម៉ៅនៅក្នុងចិត្ត។ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះ​ប្រាប់ឪពុកម្ដាយរបស់នាងថា មកលេងផ្ទះបងប្អូន​នៅម្តុំព្រែកលាប។ ប៉ុន្តែរហូតមក​ដល់រសៀលថ្ងៃដដែល ​ស្រាប់តែមានការភ្ញាក់ផ្អើលថា មាននារីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួន​ពីលើស្ពានលីយ៉ុងផាត់។

សាច់ញាតិរបស់ជនរងគ្រោះ បានបន្ដទៀតថា បន្ទាប់ពីទទួលបានដំណឹងបែបនេះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់ទៅកាន់ទីនោះ។ បន្ទាប់មក ពួកគាត់បានរត់ទៅកាន់ប៉ុស្តិ៍នគបាលព្រែកព្នៅ ដើម្បីសួរនាំ ទើបដឹងថា នារីដែលលោតទឹកសម្លាប់ខ្លួននោះ គឺជាកូនរបស់ពួកគាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងក្រុមគ្រួសារកំពុងតាមស្វែងរកសាកសពរបស់នារីរងគ្រោះ ដើម្បី​ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯគេដ្ឋានរបស់ជនរងគ្រោះ។ បន្ទាប់មក នគរ​បាលប៉ុស្តិ៍ព្រែកព្នៅ​បានប្រគល់ម៉ូតូរបស់ជនរងគ្រោះឲ្យទៅក្រុម​គ្រួសារ យកទៅប្រើប្រាស់វិញ៕