ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក​អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​រថយន្ត​ធុន​ធំ ថយក្រោយ​កិន​បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៦​និង​៤១​នាទី​ព្រលប់​ថ្ងៃ​ទី​១៦ តុលា ២០១៨ ។

យុវជន​រង​គ្រោះ​មានឈ្មោះ​អ៊ុ​ក ដា​នឿ​ន អាយុ​២៥​ឆ្នាំ មុខរបរ​មន្ត្រី​សាលាក្រុង​សែន មនោ​រម្យ ត្រូវជា​កូនប្រុស​របស់​លោក​អភិបាលខេត្ត​មណ្ឌលគិរី មាន​លំនៅ​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

ចំណែកឯ​អ្នកបើកបរ​រថយន្ត មានឈ្មោះ ទូច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​លំនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក DUCITI ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​ចំណុច​ផ្លូវ​៧៦ ទល់មុខ​កន្លែង​លាង​ឡាន សុភ​ត្ត្រា ស្ថិត​ក្នុងភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ក៏​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ត្រៃ​ល័​រ ពណ៌​លឿង ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-0168 កំពុង​បើក​ថយក្រោយ ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មើល​មិនឃើញ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំ​១​គ្រឿង​នោះ ចំពាក់​កណ្តាល​រថយន្ត​យ៉ាង​ពេញទំហឹង ធ្វើ​ឱ្យ​ដួល​ម៉ូតូ ក៏​ត្រូវ​រថយន្ត​កិន ទាំង​មនុស្ស​ទាំង​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ដោយសារ​តែ​របួស​ជើង​ធ្ងន់​ធ្ងរ ​យុវជន​រង​គ្រោះ​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅរាជធានី​ភ្នំពេញ​ ទាំង​យប់​ផង​ដែរ ៕