ភ្នំពេញ ៖ ជន​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម មាន​គ្នា​៧​នាក់ គឺជា​ប៉ូ​លី​ស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ជា​អ្នក​ផ្ទុះអាវុធ​រហូត​ដល់​៦​គ្រាប់ ដើម្បី​បង្ក្រាប​បទល្មើស បែរជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លូតត្រង់​២​នាក់ ដួល​សន្លប់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​លើ​ត​ឡើង​កាលពី​វេលា​២០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រហែល​៧​នាក់ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ។

តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ដើរ​ចូល​មក​ក្នុងភូមិ​កើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម ស្លៀកពាក់​ស៊ី​វិល ពាក់មួក​សុវត្ថិភាព​បាំង​មុខ​ជិត មាន​ទាំង​រថយន្ត​មាន​ទាំង​ម៉ូតូ មិនដឹង​ថា តាម​នារី​ជនជាតិ​វៀតណាម​ខាងលើ​មកពីណា​ទេ ក៏​ឆ្មក់​ចូល​មក​តាម​ក្រោយ ចំណែកឯ​នារី​ជនជាតិ​វៀតណាម​រូប​នោះ បាន​រត់​ឡើងផ្ទះ​ប្រជាពលរដ្ឋ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ​រត់​ដេញ​តាម​ចាប់​បាន​មនុស្ស​ស្រី​ម្នាក់ និង​យុវជន​ម្នាក់​ទៀត ដាក់​ខ្នោះ​ជាប់​គ្នា រួច​បម្រុង​នាំ​ខ្លួន​ចេញ​ក្រៅ ស្រាប់តែ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​មក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​ឡើង​បង្ក​ការ​ភ្ញាក់​ពេញ​មួយ​ភូមិ នាំ​គ្នា​រត់​មក​រារាំង​សមត្ថកិច្ច​មិន​អោយ​នាំ​ខ្លួន​ចេញ​ទៅ ដោយសារ​តែ​ប្រជាពលរដ្ឋ​ច្រើន​ពេក និង​ព្យាយាម​រារាំង​មិន​ឲ្យ​នាំ​យុវជន​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ចេញ ទើប​សមត្ថកិច្ច​បាញ់​ឡើង​លើ​៣​គ្រាប់ ដើម្បី​គំរាម​ប្រជាពលរដ្ឋ តែ​នៅ​មិន​អាច​បំបែក​បាន ទើប​សមត្ថកិច្ច​បន្ត​បាញ់​ឡើង​លើ​៣​គ្រាប់​ផ្ទួន​ៗ​គ្នា​ទៀត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មានការ​ភិន​ភ័យ នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់ និង​ស្ត្រី​ចំនាស់​ម្នាក់​សន្លប់​ស្ដូក​ស្ដិ​ង​តែ​ម្ដង ។ ដោយ​ឃើញ​បែប​នេះ​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ នាំ​គ្នា​ដកខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់ ដោយ​បន្សល់​ទុក​យុវជន​ប្រុស​ស្រី​ទាំង​២​នាក់​ជាប់​ខ្នោះ​នៅ​កន្លែង ព្រមទាំង​សំបក​ផ្ទុះ​ផង​ដែរ ។

ក្រោយ​ពី​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​ទាំងនោះ​ចេញ​បាត់​អស់​ទៅ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ប្រា ព្រមទាំង​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ចុះ​មក​ធ្វើការ​សាកសួរ រួច​ដំណើរ​រឿងហេតុ និង​ជួយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក​អ្នក​ដែល​សន្លប់​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ ។

ពាក់ព័ន្ធ​ក្នុង​ករណី​ផ្ទុះអាវុធ​ខាងលើ​នេះ លោកនាយ​ប៉ុស្តិ៍​នគរបាល​ព្រែក​ប្រា បាន​ប្រាប់​យ៉ាង​ខ្លី​ថា លោក​មិនដឹង​កម្លាំង​សមត្ថកិច្ច​ខាង​ណា​ចុះ​ទៅ​បង្ក្រាប និង​ផ្ទុះអាវុធ​ក្នុងភូមិ​សាស្ត្រ​របស់​លោក​នោះ​ទេ ហើយ​លោក​ក៏​កំពុង​តែ​រវល់​ធ្វើ​ស្រាវជ្រាវ​នូវ​សាច់​រឿង​ទាំងនោះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រិះគន់​ថា ពេល​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​បង្ក្រាប​បទល្មើស​បែប​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មិនដឹង​ថា ជា​ករណី​អ្វី​ពិតប្រាកដ​នោះ​ទេ ទើប​មានការ​ភ័ន្ត​ច្រឡំ​ថា ជា​ករណី​ប្លន់ ឬ​ករណី​គំនុំ អ្វី​ផ្សេង​ទៅ​វិញ ។

ដោយឡែក បើ​តាម​របាយការណ៍​ពី​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បានអោយ​ដឹង​ថា កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រហែល​៧​នាក់ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ស្រី​ម្នាក់​និង​ប្រុស​ម្នាក់ ពេល​ឃាត់ខ្លួន​បាន​ហើយ នគរបាល​បាន​វាយ​ខ្នោះ ពេល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នោះ​នាំ​គ្នា​តវ៉ា មិន​ព្រមឱ្យ​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ទេ​។​ពេល​នោះ​ក៏​មានការ​ប្រទាញប្រទង់​គ្នា រួច​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​៥​ទៅ​៦​គ្រាប់ ជនសង្ស័យ​ទាំង​២​នាក់​នាំ​គ្នា​គេចខ្លួន រីឯ​សមត្ថកិច្ច​បាន​ដក​កម្លាំង​ទៅ​វិញ​អស់ ។
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ រក​ឃើញ​សំបក​គ្រាប់​អាវុធ​ខ្លី​ចំនួន​៤​សំបក និង​ខ្នោះដៃ​មួយគូ ដែល​ប្រជាពលរដ្ឋ​ដោះ​ចេញពី​ជនសង្ស័យ ៕