ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលនាងជិះម៉ូតូម្នាក់ឯងត្រូវជនសង្ស័យមានគ្នា២នាក់ជិះ ម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយដួលបោកនឹងថ្នល់រងរបួស ហើយជនសង្ស័យគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមសាក្សីអ្នកលក់សាំងដបនៅកន្លែងកើតហេតុ ដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពញ-1CT 7407 មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស មកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ ដែលព្យួរនឹងក្បាលម៉ូតូបានសម្រេច បណ្តាលអោយនារីរងគ្រោះដួលបោកនឹងថ្នល់អូសម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់ ចំណែកជនរងគ្រោះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកទៅរក្សាទុករងចាំសាច់ញាតិយកឯកសារមកបញ្ចាក់ ដើម្បីយកម៉ូតូត្រលប់ទៅវិញ ៕