ភ្នំពេញ៖ លោកគ្រូផ្សំថ្នាំ ឱសថបុរាណ អមតៈកំលាំងសេះខ្មៅសច្ចំប្រទាន ធ្វើខួបកំណើតឲ្យប្រពន្ធទី៤ ផឹកស៊ីស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ធទី៣ បែរជាបង្ខាំងម្តាយក្មេក អាយុ៦០ឆ្នាំ មានជង្ងឺបេះដូង និងលើសឈាម កំពុងធ្វើទុក្ខមិនព្រមឲ្យចេញទៅផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា នៅក្នុងផ្ទះ ឱសថបុរាណ អមតៈកំលាំងសេះខ្មៅសច្ចំប្រទាន ផ្សំថ្នាំដោយលោកគ្រូ ភូ យ៉ុងនៀន ហៅលោកគ្រូ កៃ យី មានអាស័យដ្ឋានផ្ទះលេខ96C ខាងជើងវត្តទួលទំពូង ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

លោកយាយដែលត្រូវកូនប្រសារបង្ខាំងមិនឲ្យចេញមកក្រៅនោះមានឈ្មោះ ស៊ូ ផេន អាយុ ៦៥ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ មានប្តីឈ្មោះ ឆែម ឆាន អាយុ ៦៨ឆ្នាំ។

តាមប្រភពពីប្តីលោកយាយរងគ្រោះបានប្រាប់ឲ្យដឹងថា កូនគាត់ដែលរៀបការជាមួយ ជាគ្រូឱសថបុរាណនោះ មានឈ្មោះ ផាណា អាយុ ៣០ឆ្នាំ និងប្តីជាគ្រូផ្សំថ្នាំឪសថបុរាណ អមតៈកំលាំងសេះខ្មៅសច្ចំប្រទាន មានឈ្មោះភូ យ៉ុងនៀន ហៅលោកគ្រូ កៃយី ពួកគេទាំងពីររៀបការ ជាមួយគ្នា ១០ឆ្នាំហើយ មានកូន៣នាក់ ហើយកូនគាត់ជាប្រពន្ធទី៣ ។

លោកតាបានបញ្ចាក់ទៀតថា លោកគ្រូផ្សំថ្នាំឱសថបុរាណអមតៈកំលាំងសេះខ្មៅសច្ចំប្រទាននោះ ជាមនុស្សពិការជើង គឺស្វិតជើងទាំងពីរដើរមិនរួចទេ អង្គុយនៅតែលើរទេះរុញ ហើយមានប្រពន្ធទាំងអស់ ៤នាក់ នៅក្នុងផ្ទះតែមួយជាមួយគ្នា ប្រពន្ធទាំង៤រស់នៅចុះសម្រុងគ្នាល្អណាស់ មិនដែលឈ្លោះគ្នាទេ ហើយប្រពន្ធទាំង៤សុទ្ធតែមានកូនទាំងអស់គ្នា ។

ប្រភពដដែលបានបន្តទៀតថា លោកគ្រូនោះអោយតែស្រវឹងម្តងៗ តែងតែរករឿងឈ្លោះប្រកែកគ្នាជាមួយគ្រួសារគាត់ ក៏ដូចជាកូនស្រីរបស់គាត់ ដោយមិនដឹងមូលហេតុច្បាស់លាស់ និងមានកាំភ្លើងខ្លីមួយដើមទៀត មិនដឹងបានមកពីណា និងមានតួនាទីអ្វីទេ ។ មុនកើតហេតុមួយថ្ងៃ គឺប្តីប្រពន្ធនោះបានឈ្លោះប្រកែកគ្នា ហើយពួកគាត់ជាម្តាយឪពុកបានមកសម្របសម្រួល ត្រូវរូវគ្នាវិញហើយ ។

លុះមកដល់ថ្ងៃកើតហេតុនេះ គឺខាងលោកគ្រូផ្សំថ្នាំ បានរៀបចំកម្មវិធីខួបកំណើតឲ្យប្រពន្ធទី៤របស់គាត់ ហើយបានអញ្ជើញពួកគាត់ជាឪពុកម្តាយក្មេកមកចូលរួម ដោយសារលោកតាជាឪពុកក្មេករវល់មិនបានមក ក៏ឲ្យកូនជូនយាយមកតែម្នាក់ឯងតាំងពីម៉ោង៣រសៀល ពេលកម្មវិធីចប់ លោកគ្រូផ្សំថ្នាំជាប្តីបានផឹកស្រវឹង ក៏រករឿងម្តាយក្មេក និងប្រពន្ធដូចរាល់ដង ។ ខណៈពេលកំពុងឈ្លោះប្រកែកគ្នា លោកយាយ ក៏មានអាការ:មិនស្រួលខ្លួន នៅម៉ោង១រំលងអាធ្រាត ក៏បានទូរស័ព្ទហៅប្តីគាត់ និងកូនគាត់មកយកគាត់ទៅពេទ្យផង ព្រោះគាត់មិនស្រួលខ្លួន មានជង្ងឺបេះដូង និងលើសឈាម ប្រចាំកាយ ។ ខណៈក្រុមគ្រួសារលោកយាយមកដល់ បែរជាកូនប្រសារមិនព្រមបើកទ្វារឲ្យចេញទេ ទុកឲ្យយាយអង្គុយនៅមាត់ទ្វារស្រែកពីខាងក្នុងមកសុំការអន្តរាគមន៍ ជួយគាត់ផង ព្រោះគាត់មិនស្រួលខ្លួនចង់ទៅពេទ្យ។

ភ្លាមៗនោះ ក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងចចារឲ្យលោកគ្រូនោះបើកទ្វារ តែលោកគ្រូនោះបានយកលេសរហូត ម្តងថាឲ្យសមត្ថកិច្ច និងសារព័ត៌មានចេញឲ្យឆ្ងាយពីផ្ទះគាត់ទើបគាត់បើកទ្វារឲ្យ ដល់ពួកខាងសមត្ថកិច្ច និងអ្នកសារព័ត៌មានចេញតាមការស្នើសុំអស់ជាច្រើនម៉ោងហើយ នៅតែមិនព្រមបើកទ្វារឲ្យយាយចេញមកក្រៅទៀត ទើបសមត្ថកិច្ចចូលទៅនិយាយចចារម្តងទៀតបែរជាគាត់ឆ្លើយថា បាត់កូនសោបើកទ្វារមិនបានទេ ។ លោកតាបញ្ចាក់ទៀតថា កូនប្រសារគាត់ជាគ្រូផ្សំថ្នាំខ្មែរមែន តែមានអំណាចខ្លាំងគួរសមដែរ នៅក្នុងសង្គមនេះ។

ការចចារគ្មានប្រសិទ្ធភាព ហើយសមត្ថកិច្ចក៏មិនអាចជួយអ្វីបានដល់លោកតា ពួកគាត់ក៏សម្រេចចិត្តចេញទៅផ្ទះទុកលោកយាយចោលនៅក្នុងផ្ទះនោះ ព្រោះមិនហ៊ាននៅម្នាក់ឯងទេ កូនប្រសារគាត់នោះមានកាំភ្លើងគាត់ខ្លាច ពីមុនៗមកអោយតែឈ្លោះគ្នា គឺកូនប្រសារនោះ តែងតែយកកាំភ្លើង ចេញមកគំរាមពួកគាត់រហូត ។
ក្រោយកើតហេតុ លោកយាយត្រូវបានកូនស្រីរបស់គាត់ បានរៀបចំកន្លែងសម្រាកឲ្យនៅក្នុងផ្ទះនោះ ហើយលោកតា និងកូនៗក៏បានបើករថយន្តចេញទៅផ្ទះនៅចោមចៅវិញបាត់ទាំងក្តីបារម្ភ រង់ចាំដល់ពេលព្រឹក ទើបត្រលប់មកម្តងទៀត ៕