ខេត្តក្រចេះ៖ បុរសម្នាក់ល្មោភកាមម្នាក់ ​បានចាប់រំលោភកូនដើម​ រហូតបានសម្រេចជាបន្តបន្ទាប់ចំនួន​៦លើក ទើបបែកការដឹងដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ កាលពីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ។

មន្រ្ដីនគរបាលស្រុកសំបូរ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភកូនស្រីរបស់ប្ដី​ដើម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ រស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ស អាយុ១២ឆ្នាំ រស់នៅក្នុងខេត្ត​ក្រចេះ។

មន្ត្រីនគរបាលដដែល បានបន្ដថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលជំនាញ​បានទទួល​ពាក្យ​បណ្ដឹងពីម្ដាយរបស់ក្មេងស្រីរងគ្រោះពីករណីប្ដីចុងរបស់គាត់ ចាប់រំលោភសេពសន្ថវៈទៅលើកូន​ស្រី​បង្កើតរបស់គាត់។ ក្រោយពេលមានពាក្យបណ្ដឹងបែបនេះ សមត្ថកិច្ចបា​នចុះទៅឃាត់ខ្លួន​ជន​សង័្សយ នាំមកសាកសួរ។

មន្រ្ដីនគរបាលដដែល បានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានសារភាពថា មុនពេលកើត​ហេតុ ប្រពន្ធរបស់គេ (ម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានទៅស៊ីឈ្នួលច្រូតស្រូវឲ្យអ្នកភូមិ។ ស្របពេល​ឃើញឱកាសល្អ គឺកូនស្រីរបស់ប្ដីដើមនៅតែ២នាក់នឹងរូបគេ ហើយគ្មានអ្នកណានៅជិតទៀង ទើបរូបគេ​បានចាប់នាងរំលោភសេពសន្ថវៈ​ រហូតបានសម្រេចជាបន្តបន្ទាប់ចំនួន៦ដង។

ជនសង័្សយ បានបន្ដថា ក្រោយពេលរំលោភក្មេងស្រីរងគ្រោះរួចហើយ រូបគេ​បានគំរាមវាយ និងសម្លាប់​ក្មេងស្រីរងគ្រោះចោល ប្រសិនបើនាងធ្វើឲ្យបែកការ ពីរឿងអាស្រូវរបស់ខ្លួន។ ប៉ុន្តែក្មេងស្រីរងគ្រោះ នៅតែយករឿងរ៉ាវដែលបានកើតឡើងទៅប្រាប់ម្ដាយ និងអ្នកដទៃ ទើបពួកគេបាននាំគ្នាទៅដាក់ពាក្យ បណ្ដឹង សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ឲ្យក្មេងស្រីរងគ្រោះ ហើយត្រូវនគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំមកកាន់អធិការដ្ឋាននគរ​បាល​​ស្រុក ដើម្បីសាកសួរ រួចហើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការ​តាមច្បាប់៕