បារាំង ៖ ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​អន្ដរជាតិ Trophee L’Equipe លើក​ទី​២ នៅ​ប្រទេស​បារាំង​ហើយ​ជាមួយនឹង​មេដាយ​សរុប ៥​គ្រឿង រួម​មាន​មេដាយមាស ៣ និង​ប្រាក់​២ ក្រោយ​ឈ្នះ មេដាយមាស​១ និង​ប្រាក់ ១ លើ​វិញ្ញាសា​ក្រុម​បុរស​-​នារី នា​រាត្រី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ នេះ ។

មេដាយមាស​ដែល​ក្រុមកីឡា​ការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ដណ្ដើម​បាន​ពី​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​ខាងលើ ក្រោយ​យកឈ្នះ​ក្រុមកីឡា​ការិនី​ម្ចាស់ផ្ទះ​បារាំង ដោយ​ពិន្ទុ ១៣-៣ លើ​វិញ្ញាសា​នារី ៣​នាក់​ទល់​នឹង ៣​នាក់ ។ និយាយ​ជា​រួម សម្រាប់​វិញ្ញាសា​ផ្នែក​នារី​ទាំង ៣ រួម​មាន​វិញ្ញាសា​ឯកត្តជន​, វាយ​គូ ២​នាក់​ទល់​នឹង ២​នាក់ និង​វិញ្ញាសា ៣​នាក់​ទល់​នឹង ៣​នាក់ គឺ​ក្រុមកីឡា​ការិនី​កម្ពុជា ដណ្ដើម​បាន​ជ័យ​លា​ភី​លេខ​១ គ្រប់​វិញ្ញាសា​ទាំងអស់ ។

ចំណែកឯ​ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា ក៏​ដណ្ដើម​បាន​មេដាយ​ប្រាក់​ចំនួន ២​គ្រឿង​ផង​ដែរ លើ​វិញ្ញាសា​ឯកត្តជន ដោយ​កីឡាករ សុខ ចាន់​មាន និង​វិញ្ញាសា ៣​នាក់​ទល់​នឹង ៣​នាក់ ដែល​ទើប​ប្រកួត​ចប់​ដំណាលគ្នា​នឹង​ក្រុមកីឡា​ការិនី ក្រោយ​ប្រកួត​ចាញ់​ក្រុម​កីឡាករ​ម៉ា​ដា​ហ្គា​ស្គា ដោយ​ពិន្ទុ ១៣-៣ ។ សរុប​មក​កម្ពុជា ដណ្ដើម​បាន​មេដាយមាស ៣ និង​ប្រាក់ ២ ពី​ព្រឹត្តិការណ៍ Trophee L’Equipe ដែល​ជា​កម្មវិធី​ប្រកួត​កម្រិត​ពិភពលោក ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ អញ្ជើញ​តែ​ប្រទេស​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​ចូលរួម​ប៉ុណ្ណោះ ហើយ​ការ​ប្រកួត​នេះ​មិនមែន​ជា​ការ​ប្រកួត​ជើងឯក​ពិភពលោក​ទេ គ្រាន់តែ​ជា​ការ​ប្រកួត​ពានរង្វាន់​អន្តរជាតិ ដែល​រៀបចំ​ដោយ​កាសែត​កីឡា​ដ៏​ល្បី​របស់​បារាំង ឈ្មោះ L’Équipe ដែល​បាន​អញ្ជើញ​ក្រុម​ប៉េតង់​ខ្លាំង​ៗ​មក​ពី​អាស៊ី (​កម្ពុជា ថៃ​) អាហ្វ្រិក (​ម៉ា​ដា​ហ្កា​ស្កា ទុ​យ​នី​ស៊ី​) និង​អឺរ៉ុប (​ម្ចាស់ផ្ទះ​បារាំង ដា​ណឺ​ម៉ាក និង​អ៊ី​តា​លី​) ៕