ខេត្តកំពង់ធំៈ យុវជនទំនើងម្នាក់ប៉ុនប៉ងចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ តែអស់លក្ខណ៍ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍។

លោក សួង ថេន អធិការស្រុកបារាយណ៍ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងចាប់រំលោភ​សេពសន្ថវៈលើកូនក្មេង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ គង់ សំអេង អាយុ១៩ឆ្នាំ រស់​នៅភូមិ-ឃុំកើតហេតុខាងលើ។ រីឯកុមារីរងគ្រោះឈ្មោះ អឿង លីជីង អាយុ៤ឆ្នាំ រស់នៅឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ជនសង័្សយបានបោកបញ្ឆោតក្មេងស្រីរងគ្រោះទៅចំណុចព្រៃខ្មោច​ នៅខាងជើងអនុវិទ្យាល័យមាសគង់ ស្ថិតក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ហើយប៉ុនប៉ងរំលោភ។ ប៉ុន្តែនៅពេលនោះមានគេទៅទាន់ ទើបជនសង័្សយរត់គេចខ្លួនបាត់ ហើយអាណាព្យាបាលរបស់ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យក្មេងស្រីរងគ្រោះ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្នាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចោទប្រកាន់តាមច្បាប់៕