ភ្នំពេញ ៖ ដើម្បី​បំពេញតំរូវការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចេញចូល​ក្នុង​ប្រទេស​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​ដំណាក់កាល​ៗ ក្នុង​នោះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប សម្រាប់​ចំណត​ថ្មី បម្រើ​ជូន​ភ្ញៀវ​មក​ទទួល ក៏​ដូច​ជា​ជូន​ដំណើរ​បងប្អូន​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ដាក់​អោយ​ប្រើប្រាស់​ប្រព័ន្ធ​ចំណត​យានយន្ត​ថ្មី ដែល​ក្នុង​នោះ​មាន​ចំណតរថយន្ត​ថ្មី ធំ​ទូលាយ និង​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ល្បឿន លឿន​ជាង​បី​ដង សុវត្ថិភាព និង​ភាព​បត់​បែន​បាន​ងាយស្រួល និង​បង្កើន​ច្រកចូល និង​ច្រកចេញ ច្រើន​ជាង​មុន មាន​ផ្លូវ​បើកបរ តាម​បទដ្ឋាន​បច្ចេកទេស មិន​ធ្វើ​ឲ្យ​មានការ​កកស្ទះ ឬ​យឺតយូរ ដូច​ពី​មុន​ទៀត​ឡើយ ។ ហើយ​ជាមួយ​ម៉ាស៊ីន​ទូទាត់​ប្រាក់​ថ្លៃ​ចំណត ដោយ​ស្វ័យប្រវត្តិ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ធ្វើការ​ទូទាត់​ប្រាក់​ថ្លៃ​ចំណត មុន​នឹង​ចាក​ចេញពី​ព្រ​លាន ។

ចំណត​យានយន្ត​ថ្មី​នេះ ត្រូវ​បាន​ចែក​ជា​២​ប្រភេទ គឺ​ចំណត​ធម្មតា និង​ច្រក​ផ្លូវ​លឿន ពណ៌​ស្វាយ ។

+ ចំណត​ធម្មតា ៖ គឺ​សម្រាប់​ការ​ចត​ធម្មតា ដោយ​គិត​ទៅ​តាម​ពេលវេលា​នៃ​ការ​ចត​របស់​យានយន្ត​នីមួយ​ៗ ប៉ុន្តែ​បើ​ចត​លើ​ពី​តារាង​ពេលវេលា ដែល​បាន​កំណត់​ត្រូវ​បង់ប្រាក់​ថែម ១០០០៛ រៀង​រាល់ ៣០​នាទី រហូត​ដល់ ១២​ម៉ោង​។ បើ​លើស ១២​ម៉ោង ត្រូវ​បង់​បន្ថែម ៤០០០៛ ក្នុង​១​ម៉ោង​។ ចំពោះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក មាន​អត្រា​តម្លៃ​ស្មើ​រថយន្ត ។

+ ច្រក​ផ្លូវ​លឿន​ស្វាយ ៖ ជា​ច្រក​ផ្លូវ​លឿន​ពិសេស​សម្រាប់​ដាក់​អ្នកដំណើរ ឬ​ឥ​វ៉ា​ន់​ចុះ​មួយ​ភ្លែត​ៗ​តែ​ប៉ុណ្ណោះ ហើយ​តម្លៃ​របស់​វា​ថ្លៃ​ជាង​ចំណត​ធម្មតា ប៉ុន្តែ​រ៉ឺ​ម៉ក​ពី​ខាងក្រៅ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ច្រក​ផ្លូវ​លឿន​ស្វាយ​នេះ​បាន​ត្រឹម​១០​នាទី ដោយ​មិន​គិតថ្លៃ​។ បើ​ចត​លើ​ច្រក​ពិសេស​នេះ​លើ​ពី​តារាង ដែល​បាន​កំណត់​គឺ​ត្រូវ​បង់ប្រាក់​បន្ថែម ៤០០០០៛ រៀង​រាល់​៣០​នាទី ។

ជាក់ស្តែង​កន្លង​ទៅ​ថ្មី​ៗ​នេះ បុរស​ម្នាក់​ទំនង​មិន​បានដឹង ចូលចតខុសផ្លូវ បាន​ចត​រថយន្ត​ក្នុង​ចំណត (​ច្រក​ផ្លូវ​លឿន​ស្វាយ​) ក្នុងព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រយៈពេល​១​ម៉ោង ៣២​នាទី អស់ប្រាក់​ចំនួន​១០​ម៉ឺន​រៀល (​ប្រមាណ​ជា​២៥​ដុល្លារ​) ។

យោង​តាម​ប្រភព​ពី​លោក Ramady Moun បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេ​សបុ​កថា « តាម​ពិត​ចំណតរថយន្ត​ដែល​ថ្លៃ​ជាងគេ​បង្អស់​លើ​លោក​នេះ គឺ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​សោះ ។ ចត​ឡាន​រយៈពេល​មួយ​ម៉ោង​សាមសិប​ពីរ​នាទី ត្រូវ​បង់ប្រាក់​ដប់​ម៉ឺន​រៀល ​(១០០០០០៛) ដូច​ជា​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ខ្មែរ​ជ្រុល​ពេក​ទេ​ដឹង ? សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ក៏​មិន​ថ្លៃ​ដល់​ថ្នាក់​នេះ​ដែរ នៅ​អូស្ត្រាលី សិង្ហ​បុរី ទោះបី​ស្រុក​បារាំង ដែល​ពួក​វិនិយោគ​លោភលន់​នេះ​មក​ក៏​មិន​ថ្លៃ​ដល់​អ​ញ្ចឹ​ង​ដែរ​លោក​ព្រះ » ៕