ភ្នំពេញ ​៖ កម្លាំង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​ម្នាក់ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​រះ​បណ្តាល​ឱ្យ​ចំ​ជើង​ខាងស្តាំ​រួ​ង​របួសធ្ងន់ ខណៈ​ពេល​កំពុង​បំពេញភារកិច្ច ដេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​កំពុង​វ៉ៃ​កាប់​ចាក់​គ្នា​តាម​ដងផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ទល់មុខ​ផ្ទះល្វែង​A4 ស្ថិត​តាម​ផ្លូវ​បេតុង ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​ពួក​គាត់​បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ បាន​ចេញ​ល្បាត​ពួនស្ទាក់​តាម​ភូមិសាស្ត្រ​នានា ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់ និង​តាក់​បន្ថយ​បទល្មើស​ផ្សេង​ៗ និង​រក្សា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ខណៈ​ពេល​ល្បាត មក​ដល់​ចំណុច​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម កំពុង​វាយតប់​គ្នា​តាម​ដងផ្លូវ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។ ពេល​នោះ​កម្លាំង​ពួក​គាត់​ក៏​បម្រុង ចូល​ទៅ​អន្តរាមគ​ន៍ តែ​ខណៈ​ពេល​ដែល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ ឃើញ​សមត្ថកិច្ច​ភ្លាម​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។

បន្ទាប់​មក​កម្លាំង​ពួក​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយ រហូត​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ កម្លាំង​ក៏​បាន​ឃាត់​ម៉ូតូ​ក្រុម​ក្មេង​ទំនើង​បម្រុង​នឹង​ឆែកឆេរ និង​សួរនាំ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល ដោយ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម ម៉ាក Lock ព​ណ៍​ខ្មៅ បាន​ផ្ទុះអាវុធ​ចំនួន​មួយ​គ្រាប់​បណ្តាល​ឱ្យ​ចំ​ជើង​ខាងស្តាំ​ប្រជា​ការពារ​ខាងលើ​រង​របួស​បាក់ឆ្អឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​យ៉ាង​ខ្លាំង ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ខ្មាន់កាំភ្លើង​បាន​ស្រែ​ចោទប្រកាន់​មក​លើ​កម្លាំង​ពួក​គាត់​ថា​ជា​ចោរ​។ ពេល​នោះ​ទោះបីជា​កម្លាំង​ពួក​គាត់​បាន​ស្រែ​ប្រាប់​ថា​ជា​កម្លាំង​សម្ថ​កិច្ច​យ៉ាងណា​ក្តី ក៏​ខ្មាន់កាំភ្លើង​រូប​នោះ នៅ​តែ​បន្ត​បាញ់​ឡើង​លើ​ជា​ច្រើន​គ្រាន់​ទៀត​។ ភ្លាម​ៗ​នោះ​កម្លាំង​ពួក​គាត់​ក៏​បាន​យក​កាំភ្លើង​AK ចូល​ទៅ​ភ្ជុង​គំរាម​ខ្មាន់កាំភ្លើង​នោះ រួច​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ខាងលើ​យក​រក្សា​ទុក​ធ្វើ​ជា​វត្ថុ​តាង រួច​វាយ​ខ្នោះ​។ ចំណែកឯ​ប្រជា​ការពារ​ដែល​រង​របួស​ខាងលើ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាប់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ជួយ​សង្គ្រោះ​ផង​ដែរ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ទៀត​ថា​ខ្មាន់កាំភ្លើង​ខាងលើ​មានឈ្មោះ ឡាយ អ៊ី​ង​ឃី​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​១០​គ្រាប់ ហើយ​បាន​រើស​យក​មក​រក្សា​ទុក​ដើម្បី​ធ្វើ​ជា​ភ័ស្តុតាង ចំណែកឯ​បុរស​ដែល​ជា​ខ្មាន់កាំភ្លើង​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​យក​ទៅ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាក់​ការ​ទៅ​តាម​នីតិវិធី ៕