រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​យក​ស្កុ​តម​ករុំ​ដៃជើង និង​មាត់​កូន ​ភ្ញាក់ខ្លួន​ស្រឡាំងកាំង​ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ដល់​ផ្ទះ​ ហើយ​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​គោក​ឃ្លាង កាលពី​នៅ​យប់​ថ្ងៃ​ទី​១១ តុលា ២០១៨ នេះ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយត្រូវ​បានបែកធ្លាយ ហើយ​អ្នកលេង​និយម​លេង​ហ្វេ​ស​ប៊ុល បង្ហោះ​ចែកចាយ​បន្ត​គ្នា ធ្វើ​អោយ​មានការ​រិះគន់​ជុំវិញ​ទ​ង្វើ​ធ្វើ​ទារុណកម្ម​លើ​កូន​ក្មេងនោះ ។

នៅ​ប៉ុស្តិ៍​ប៉ូលិស​ ស្ត្រី​ដែល​យក​ស្កុ​តម​ករុំ​ដៃជើង និង​មាត់​កូន បាន​ឲ្យ​ដឹង​ថា គាត់​មានឈ្មោះ សុទ្ធ ធា​រី អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ប្តី​ឈ្មោះ ឈឹ​ម វី​រៈ អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​តំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានកូន​២​នាក់ ប្រុស​អាយុ​៧​ឆ្នាំ និង​ស្រី​អាយុ​១​ខួប​៦​ខែ មានឈ្មោះ ផល លី​ណា ។

ស្ត្រី​ឈ្មោះ សុទ្ធ ធា​រី បន្ត​ថា រឿង​វី​ដេ​អូ​ឃ្លី​ប ឃើញ​រុំ​ស្កុ​តមាត់​ក្មេង​ប្រុស​នោះ មិនមែន​កូនប្រុស​ទេ ជា​កូនស្រី ហើយ​វា​កើតឡើង​តាំងពី​ជាង​៦​ខែ​មុន​មក​ម្ល៉េះ ។

ស្ត្រី​ដដែល បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​គ្រានោះ កូនស្រី​គាត់​មាន​អាយុ​១​ខួប នាង​ជា​ក្មេង​រពឹស ខណៈ​ក្រុម​គ្រួសារ​នៅ​ជុំ​គ្នា គាត់​ក៏​យក​ស្កុ​តរុំ​មាត់​កូនស្រី​ពៅ បំណង​លេង​ជាមួយ​កូនទេ​ នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ទាំងអស់ ហើយមាន​​ប្អូនប្រុស​បង្កើត​ម្នាក់ បាន​យក​ទូរស័ព្ទ​របស់​គាត់​ម៉ាក​អា​ហ្វូ​ន មក​ថត​លេង ហើយ​ក៏​មិន​បាន​បង្ហោះ​ចូល​ហ្វេ​ស​ប៊ុ​ក​ដែរ ក្រោយមក​​ប្រមាណ​ជា​កន្លះ​ខែ​មិននេះ​ ប្អូនប្រុសគាត់ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដួល​បោក​ក្បាល​សន្លប់ បាត់បង់​ទាំង​លុយកាក់ បាត់​ទាំង​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​មាន​វី​ដេ​អូ​នៅ​ក្នុង​នោះ​ទៀត​ផង លុះ​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ស្រាប់តែ​បែកធ្លាយ​វី​ដេ​អូ​ដែល​គាត់​យក​ស្កុ​តរុំ​មាត់​កូន​នោះ មក​បង្ហោះ​លើ​បណ្តាញ​សង្គម​ព្រោងព្រាត ធ្វើអោយ​​មាន​មតិ​រិះគន់​​បែប​នេះ​ ។

នៅ​ប៉ុស្តិ៍​ប៉ូលិស បើ​តាម​សាក្សី​ស្ត្រី​ម្នាក់ ​ត្រូវជា​យាយ​របស់​ក្មេង​ស្រី​តូច​នោះ និង​ក្រុម​គ្រួសារ​ទាំងអស់​គ្នា ហ៊ាន​អះអាង​ចំពោះ​មុខ​សមត្ថកិច្ច ដូច​ៗ​គ្នា​ថា សកម្មភាព​នេះ គឺ​លេង​ជាមួយ​កូនទេ​ មិនមែន​ម្តាយ​ធ្វើ​ទារុណកម្ម​កូន​ទេ ហើយ​សា​ម៉ី​ខ្លួន​(​សុទ្ធ ធា​រី​) ក៏​បានធ្វើការ​​សូមទោស​ជា​សាធារណៈ ពី​ទ​ង្វើ​របស់​ខ្លួន ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ឃុំឃាំង​អ្វី​ដែរ ក្រោយ​ពី​សូមទោស​រួច ក៏​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សូមរម្លឹកថា កាលពីថ្ងៃទី១១ តុលា ម្សិលមិញនេះ ​បើ​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ ត្រូវ​បាន​មហាជន​រិះគន់ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​លើ​ស្ត្រី​ម្នាក់ ខឹង​កូន​តូច​បាន​យក​ស្កុ​ត ចងដៃ ចងជើង​បិទ​មាត់​មិន​អោយ​ស្រែក ។

វី​ដេ​អូ​ឃ្លី​ប​នេះ​ត្រូវ​គេ​បង្ហោះ​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​បុក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ត្រី​ម្នាក់ទំនង​ខឹង​កូន​តូច អាយុ​ប្រហែលជា​ជាង​មួយ​ឆ្នាំ កំពុង​ស្រែកយំ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ ដែល​កំពុង​បោក​ខោអាវ​មិនកើត បាន​យក​ស្កុ​តម​ក ចង​រុំ​ដៃ​ពាត់​ទៅ​ក្រោយ ចងជើង បិទ​មាត់ មិន​អោយ​ស្រែក និង​ធ្វើ​អ្វី​បាន ។

អ្នក​និយម​លេង​នៅ​បណ្តាញ​សង្គម ប្រតិកម្ម​ថា ចុះ​ក៍​អាក្រក់​ម្ល៉េះ ? នាង​ម្ដាយ​នេះ​ចាប់​កូន​ខ្លួន​បង្កើត​អែង រុំ​ដៃជើង​បិទ​មាត់​នឹង​ស្កុ​ត អី​ក៍​អាក្រក់​ម្ល៉េះ​នាង​ម្ដាយ​នេះ​! ក្មេង​វា​ដឹង​ស្អី​វា ខុស​ត្រូវ​អី​មិន​គួរ​ធ្វើបាប​ក្មេង​ម្លឹ​ង​ទេ ។ ជួយ Share ម្នាក់​មួយ​ផង​បងប្អូន​ដើម្បី​អោយ​អង្គការ​ការពារ​កុមារ​បានឃើញ និង​បាន​ទៅ​ជួយ​ដល់​ប្អូន​ម្នាក់​នេះ​ផង ៕