ថៃ ៖ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ បាន​សម្រេច​យក​រឿង​ដ៏​ខកចិត្ត​មួយ ចែករំលែក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​សាក់​របស់​នាង​ដែល​ត្រូវ​បាន​សន្មត់​ថា ជាដើម​ផ្កា របស់​រុក្ខជាតិ​ម្យ៉ាង នៅ​ត្រូវ​ខ្យល់ ស្រទាប់​នៃ​ផ្កា​រ៉េ​រាំ​យ៉ាង​ស្រស់​ស្អាត ប៉ុន្តែ​រូបសាក់​របស​នាង​វិញ បែរជា​លេច​ចេញ​នូវ​អ្វី​ដែល​មើលទៅ​ហាក់ដូចជា​គំនរ​ឈើឆ្កាង រសាត់អណ្តែត​នៅ​ក្នុង​លំហ​អាកាស​ទៅ​វិញ ។

កញ្ញា Alisa Kingkan អាយុ​២៦​ឆ្នាំ មក​ពី​ខេត្ត​សា​ខន​ណា​ក់​ខុ​ម បាន​ដាក់​ពាក្យ​ប្តឹង នៅ​ប៉ុស្តិ៍ប៉ូលីស​អោយ​ជួយ​អន្តរាគមន៍ រូបសាក់​ដ៏​អាក្រក់​របស់​នាង​ដោយសារ​វិចិត្រករ​ម្នាក់​ជា​អ្នក​ចាក់​សាក់ ក្នុង​ហាង​មួយ នៅ​ផ្សារ​រាត្រី ក្នុង​ប្រទេស​ថៃ ។

ស្រី​ស្អាត Alisa បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​បាន​ដើរ​ផ្សារ​ជាមួយ​បងស្រី​របស់​នាង កាលពី​យប់​ថ្ងៃអាទិត្យ ទី​៧ តុលា ២០១៨​កន្លង​មកនេះ ខណៈ​ពេល​ពួក​គេ​ទាំង​ពីរ​បាន​ឆ្លងកាត់​ហាង​សាក់​មួយ ដោយ​ម្ចាស់​ហាង​ដែល​ជា​ជាង​ចាក់​សាក់ បាន​ប្រាប់​ថា រូបសាក់​តូច​មួយ មាន​តម្លៃ​តំ​ម្លៃ​ត្រឹមតែ​២០​បាត (​ស្មើនឹង​០,៦០​ដុល្លារ​អា​មេ​រិ​ក​) ប៉ុណ្ណោះ ។

បន្ទាប់​មក​នាង​ក៏​បើក​មើលរូប​សាក់​តាម​មី​នុយ​សៀវភៅ ឃើញ​រូប​មួយ​បង្ហាញ​ពី​តំណាង​នៃ​ផ្កា​រុក្ខជាតិ ដែល​នាង​ចង់​សាក់​តាម ម្ចាស់​ហាង​បាន​និយាយ​ថា គាត់​អាច​ធ្វើ​វា​បាន ក្នុង​តម្លៃ​ធូរ​ថ្លៃ​ទេ សរុប​ទាំងអស់​ត្រឹមតែ​៣០០​បាត​ទេ (៩​ដុល្លារ​អា​មេ​រិ​ក​) ។

កញ្ញា Alisa រៀបរាប់​បន្ត​ថា នាង​ក៏​យល់ព្រម​អោយ​សាក់ ខណៈ​កំពុង​តែ​ចាក់​សាក់​នៅ​លើ​ស្មា​ផ្នែក​ខាងក្រោយ​របស់​នាង​នោះ ជាង​សាក់​ចាប់ផ្តើម​ជក់បារី និង​ផឹកស្រា​បៀរ​បន្តបន្ទាប់ ។

បន្ទាប់​ពី​បញ្ចប់​ការ​សាក់​រួចរាល់ នាង​បាន​ឆ្លុះកញ្ចក់​មើល ឃើញ​រូបសាក់​ស្ទើរ​ធ្លាក់​ថ្លើម ពេល​នោះ​នាង​សឹងតែ​ស្រែកយំ ក្រោយ​ពី​ពិនិត្យ​មើល រូបសាក់​ដែល​កុំ​ម្ម៉​ង​ឲ្យ​សាក់​ដើម​ផ្កា​រុក្ខជាតិ​១​ដើម កំពុង​រ៉េ​រាំ​ក្នុង​ខ្យល់ នៅ​លើ​ស្មា​របស់​នាង បែរជា​ឃើញ​រូបសាក់​ហាក់ដូចជា គ្របដណ្តប់​ទៅ​ដោយ «​ឈើ​ឆ្អា​ង​» រសាត់រ​ណែ​ត​នៅ​ក្នុង​លំហ​អាកាស​ទៅ​វិញ ?

Alisa បាន​តវ៉ា​ជាមួយ​ជាង​សាក់​ដែរ ប៉ុន្តែ​ជាង​សាក់​ដែល​ជា​វិចិត្រករ​នោះ បានការ​ឆ្លើយ​តប​ថា វា​គឺជា​«​សិល្បៈ​» ។ បន្ទាប់​មក​ជាង​សាក់​បាន​សម្របសម្រួល ដោយ​និយាយ​ថា គាត់​នឹង «​កែតម្រូវ​» វា​ឡើង​វិញ​ជូន ។

ប៉ុន្តែ​ដោយ​ខ្លាចក្រែង​ថា វិចិត្រករ​ទំនង​ស្រវឹងស្រា មិន​អាច​កែ​អោយ​ល្អ​បាន​ទេ ស្រួល​មិន​ស្រួល​ធ្វើ​វា​កាន់តែ​អាក្រក់​ជាង​មុន ដូច្នេះ Alisa បាន​សម្រេចចិត្ត​មិន​ឲ្យ​គាត់​ធ្វើ​តែ​ឡើង​វិញ​ទេ ហើយ​ធ្វើ​ដំណើរ​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ប៉ូលិស​៕