ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដ៏​ពិសេស​មួយ​ឆ្លើយ​តប​ទៅ​នឹង​សហភាព​អឺរ៉ុប ស្តី​ពី​ការ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ (EBA) សម្រាប់​ទំនិញ​របស់​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កត់សម្គាល់​នូវ​លិខិត​រួម​របស់​លោកស្រី ហ្វេ​ដឺ​រី​កា ម៉ូ​ហ្គេ​រី​នី (Federica Morgherini) និង​លោកស្រី សេ​ស៊ី​ល្យ៉ា ម៉ា​ល​ស្ត្រ​ម (Cecilia Malmström) ចុះ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ។

ទោះបី​មានការ​បំភ្លឺ​ជា​បន្តបន្ទាប់​ដោយ​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​សម្ដែង​នូវ​ការ​ខកចិត្ត ចំពោះ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដាក់​ចេញ​នូវ​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន នូវ​ការ​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA)» សម្រាប់​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​សម្រេចចិត្ត​នេះ ថា​ជា​ភាព​អយុត្តិធម៌​បំផុត ព្រោះ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សហភាព​អ៊ឺ​រ៉ុ​ប​បាន​បដិសេធ​ដោយ​ចំហរ អំពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ដែល​ប្រទេស​កម្ពុជា សម្រេច​បាន ទោះបី​រង​គ្រោះ​ដោយ​សោកនាដកម្ម​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាងណា​ក៏​ដោយ ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​កម្មវិធី​នេះ ជា​ពិសេស​នៅ​ក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​ ។

រាជរដ្ឋាភិបាល​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប កាលពី​ខែកក្កដា​កន្លង​ទៅ​។ រាជរដ្ឋាភិបាល​មានការ​ខកចិត្ត​ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប ដែល​មិន​បាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ ដែល​សហភាព​អឺរ៉ុប​បាន​យក​ធ្វើ​ជា​មូលដ្ឋាន​នៃ​សេចក្តីសម្រេច​ចិត្ត​លំអៀង​របស់​ខ្លួន​ ។

ព័ត៌មាន​លំអិត​សូម​អាន​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម ៖