ភ្នំពេញ ៖ បើ​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​សកម្មភាព​របស់​ប៉ូ​លី​ស​ចរាចរណ៍ កំពុង​តែ​ធ្វើការ​ផាកពិន័យ ទៅ​លើ​ជនជាតិ​ចិន​២​នាក់ ដែល​បើកបរ​រថយន្ត​ដោយ​ខុសច្បាប់​នោះ បើ​តាម​ការ​បកប្រែ​អោយ​ដឹង​ថា ប៉ូ​លី​សបាន​ផាកពិន័យ លើ​ជនជាតិ​ចិន​ដោយ​បើករថយន្ត​គ្មាន​ពាក់​ខ្សែរ​ក្រ​វ៉ា​ត់ ទើប​បង​ប៉ូ​លី​ស​ដែល​ចេះ​ភាសា​ចិន​រូប នេះ ធ្វើការ​ទារប្រាក់​រហូត​ដល់​ទៅ​១០០​ដុល្លារ ។ ក្រោយមក​តថ្លៃ សល់​៥០​ដុល្លារ ។

នគរបាល​ចរាចរណ៍​ផ្លូវគោក​ម្នាក់ ដែល​បាន​យក​លុយ​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ ចំនួន ៥០​ដុល្លារ ដោយសារ​បុរស​ចិន​នោះ បើកបរ​ឡាន មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ នៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ស្នងការ​ប៉ូលិស​ហើយ​ ។

ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ មានឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់​អនុសេនីយ៍ត្រី ឋានៈ​មន្ត្រី នៅ​ផ្នែក​អន្តរាគមន៍ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

គិត​មក​ត្រឹម​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១១ តុលា ២០១៨ គេ​មិន​ទាន់​ដឹង​ថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាត់វិធានការ​បែប​ណា លើ​ប៉ូលិស​ចរាចរណ៍ ដែល​បាន​ទារប្រាក់​៥០​ដុល្លារ (​ផាកពិន័យ​) ពី​បុរស​ជនជាតិ​ចិន​នោះ នៅឡើយ​ទេ ៕