រតនគិរី​ ៖ នារី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ចាប់ដៃ​ទាញ​ចូល​ទៅ​ក្នុង​ព្រៃ ចាប់រំលោភ រហូត​បាន​សម្រេច ខណៈ​ដែល​នាង​វិល​ត្រឡប់​មក​ពី​រាប់​បាត់​លោក​នៅ​វត្ត​ក្នុងភូមិ នា​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ ។

ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១១ និង​០១​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្រោយ​បរិវេណ វត្ត​សោ​ភ័​ណ្ឌ ហៅ​វត្ត​ជំរុំ​បី​ស្រុក ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

មន្ត្រី​នគរបាល​ឃុំ​កា​ឡែ​ង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស​.​ន​.​ន​. ជ​.​វ​. អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន (​ជន​រង​គ្រោះជាមនុស្សមានសតិ​​មិន​ប្រក្រតី​) ។ រីឯ​ជនសង្ស័យ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ក្រោយ​កើតហេតុ​បាន​គេចខ្លួន​បាត់ ។

តាម​មន្ត្រី​នគរបាល បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នា​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ជន​រង​គ្រោះ​ក្រោយ​ពី​រាប់បាត្រ នៅ​វត្ត​រហូត​លោកសង្ឃ​ឆាន់​រួច ក៍បាន​យក​ម្ហូប​និង​បាយ ដើរ​ត្រឡប់​មក​ផ្ទះ​វិញ តាម​ផ្លូវ​ក្រោយ​វត្ត​តែ​ម្នាក់ឯង (​ជា​ផ្លូវ​ស្ងាត់​) លុះ​ពេល​ដើរមក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​មក​ចាប់ដៃ​នាង ទាញ​ចូល​ទៅ​ក្នុង​ព្រៃ​មាន​ចំងាយ​ពី​ផ្លូវ​ប្រហែល​៣​ម៉ែត្រ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

មន្ត្រី​នគរបាល បញ្ជាក់​ថា ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បំរុង​រត់គេច​ខ្លួន តែ​ត្រូវ​បងប្រុស​ជន​រង​គ្រោះ​ទៅ​ទាន់ ក៍​ទាញ​ទូរស័ព្ទ​មក​ថត​បាន​បន្តិច តែ​ត្រូវ​ជនសង្ស័យ​ឆ្លើយ​ដោះសា​រថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទេ ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​(​ដែល​ខ្ចី​គេ​) យក​មក​ទុក​ចោល​នៅ​ក្នុង​វត្ត រួច​រត់គេច​ខ្លួន​ទៅ​បាត់​តែ​ម្តង ។ ស្រប​ពេល​នោះ នារី​ជន​រង​គ្រោះ​បាន​យំ​ស្រែ​កថា ឈឺ​ណាស់​ៗ អា​ប៉ា​កាច់ រំលោភ​អញ់ ហើយ​រត់​បាត់​.. ។

បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ផ្ទាល់មាត់​ពី​សំណាក់​បងប្រុស​នារី​រង​គ្រោះ​នោះ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​និង​តាម​រក​ជនសង្ស័យ​នោះ​ដែរ រក​គ្រប់កន្លែង​តែ​រក​មិនឃើញ ហើយ​នគរបាល​នឹង​បន្ត​ស្វែងរក​ជនសង្ស័យ ដើម្បី​នាំ​ខ្លួន​មក​ទទួលទោស​តាម​ច្បាប់ ៕