ក្រុង​កំពង់សោម ៖ ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​នៅ​កម្ពុជា មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន ក្នុង​នោះ​ខេត្តសៀមរាប បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​ខេត្ត​ព្រះ​សីហ​នុ មាន​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​សម្រុក​ទៅ​កំសាន្ត​លេង​សមុទ្រ​នៅ​ក្រុង​កំពង់សោម ធ្វើ​ឲ្យ​តូប​លំហែកាយ​ជា​ច្រើន​នៅ​តាម​មាត់សមុទ្រ សឹងតែ​រក​កន្លែង​អង្គុយ​គ្មាន ។

ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ខេត្ត នៅ​ជាប់មាត់​សមុទ្រ​មួយ​នេះ បែរជា​ស្ងាត់ជ្រងំ សោះកក្រោះ មិនសូវ​មាន​មនុស្ស​ច្រើន​ដូច​មុន​ឡើយ បើ​ទោះបីជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ក៏​ដោយ ។

ភាព​ស្ងាត់ជ្រងំ ដូច​ចោរលួច​សេះ​នេះ ក៏​ព្រោះតែ នៅ​តាម​ឆ្នេរ ពិសេស​អូរ​ឈើទាល ចិន​បាន​ម៉ៅ​យក​តូប​លក់ដូរ​ទាំង​អស់នោះ ហើយ​បង្កើត​មុខរបរ​លក់ដូរ​របស់​ពួក​គេ ។ ដល់​អីចឹង ធ្វើ​ឲ្យ​ជនជាតិ​កម្ពុជា មិន​អាច​បានឃើញ​ឆ្នេរសមុទ្រ​ខ្មែរ​ទៀត​ទេ ព្រោះ​កន្លែង​លក់ដូរ​របស់​ចិន​ទាំងនោះ លក់​ថ្លៃ នាំ​ឲ្យ​ខ្មែរ​មិន​អាច​មក​លេង​នៅ​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ទៀត​ទេ ។

នៅ​រដូវ​បុណ្យ​ទាន ពិសេស​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​មាន​អ្នក​ទេសចរណ៍​ច្រើន​ទេ សូ​ម្បី​តែ​ពលរដ្ឋ​ខ្មែរ ក៏​លែង​ហ៊ាន ទៅ​លេង​សមុទ្រ​ទៀត​ដែរ គឺ​សមុទ្រ​ពេល​នេះ ប្រែជា​ស្ងាត់ឈឹង ។

នៅ​ឆ្នេរ​អូរ​ឈើទាល តូប​លក់ដូរ​ទាំងអស់ ជា​របស់​ជនជាតិ​ចិន លែង​មាន​ខ្មែរ​លក់​ទៀត​ហើយ ។ បញ្ហា​នេះ នាំ​ឲ្យ​បាត់​ភ្ញៀវ​ទេសចរណ៍ មិន​ថា ទេសចរណ៍​បរទេស​ទេ សូ​ម្បី​តែ​ជនជាតិ​ខ្មែរ ក៏​លែង​ហ៊ាន​ទៅ​លេង​ដែរ ។ នេះ​ជា​នយោបាយ​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ដែល​បំបាត់​អ្នក​ទេសចរណ៍ សូ​ម្បី​តែ​ជាតិ​សាសន៍​ខ្មែរ ក៏​លែង​ហ៊ាន​ចូល​លេង​ឆ្នេរសមុទ្រ​ខ្មែរ​ដែរ ។

ងាក​ទៅ​មើល​ឆ្នេរសមុទ្រ​វិញ ពោរពេញ​ដោយ​សំរាម ក​ខ្វល់ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​បាន​គេ​ថត​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត ។

រីឯ កន្លែង​ស្នាក់​នៅ​វិញ ជនជាតិ​ចិន បាន​ចូល​មក​ជួល​ផ្ទះ​របស់​អ្នក​នៅ​កំពង់សោម ពិសេស​ផ្ទះសំណាក់ បិទទ្វារ​ទុក​ចោល ហើយ​បើ​បើក​ធ្វើ​អាជីវកម្ម ក៏​ក្នុង​តម្លៃ​ថ្លៃ​ដែរ ។ ក្រៅពី​នោះ ឆ្នេរសមុទ្រ​ទាំងអស់ នៅ​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត បានកា​ត់ទៅ​ឲ្យ​វិស័យ​ឯកជន សង់​សំណង់ ថែម​ទៀត ។

សូម​បញ្ជាក់​ថា យោង​តាម​តួលេខ​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​២០១៧ កន្លង​មកនេះ​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ តំបន់​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន​១​លាន​៥​ម៉ឺន​នាក់ មាន​កំណើន​ប្រមាណ​ជិត​១៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ប្រមាណ​១​លាន​១​ម៉ឺន​នាក់ ។

តួលេខ​ដដែល​បញ្ជាក់​ទៀត​ថា សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សរុប​ជាង​១៤​ម៉ឺន​៣​ពាន់​នាក់ ខណៈ​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​៩​ម៉ឺន​២​ពាន់​នាក់ ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា និង​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស នៅ​ពេល​មានបុណ្យ​ទាន​ម្ដង​ៗ​ដូច​ជា ព្រឹត្តិការណ៍​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។

គួរ​ឲ្យ​កត់សម្គាល់ ឆ្នាំ​២០១៨​នេះ មិនដឹង​មាន​បាតុភូត​អ្វី​កើតឡើង​ទេ បានជា​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​មក​លេង​នៅ​ឆ្នេរសមុទ្រ នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ទៀត ?

គួរ​បញ្ជាក់​ថា ខេត្ត​ផ្សេង​ៗ​ទៀត​ជា​គោលដៅ​ទេសចរណ៍​ដូច​ជា ខេត្តបាត់ដំបង កំពត បន្ទាយ​មាន​ជ័យ កំពង់ធំ រតនគិរី និង​ក្រចេះ ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ច្រើន​ដែរ ដោយសារ​តែ​តំបន់​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្អាត​ល្អ ភ្ជាប់​ពី​ផ្លូវជាតិ​ទៅ​ដល់​រមណីយដ្ឋាន​ទេសចរណ៍​តែ​ម្ដង ទើប​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​នៅ​ទីនោះ ខណៈ​តំបន់​រមណីយដ្ឋាន​ផ្សេង​ទៀត ដែល​កាលពីមុន​មាន​កំណើន​ភ្ញៀវ​ច្រើន​នោះ​បាន​ធ្លាក់​ចុះ ពីព្រោះ​ពួក​គេ​ស្វែងរក​តំបន់​ថ្មី​ៗ​សម្រាប់​កម្សាន្ត ៕