ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ទាហាន​ដែល​អះអាង​ខ្លួនថា ​ជា​អ្នកយាម​ដី​អោយ​អ្នកមាន​អំណាច​ម្នាក់ (​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី សុំ​មិន​បញ្ចេញ​ឈ្មោះ​) បាន​ចាប់​ប្រជាពលរដ្ឋ​ម្នាក់​ញាត់​ចូល​ក្នុង​រថយន្ត កាលពី​ថ្ងៃ​ទី​៦ ខែតុលា ២០១៨ រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​៨ ខែតុលា​នេះ នៅ​មិន​ទាន់​ដោះ​លែង​មក​វិញ​ទេ ។

ការ​ចាប់ខ្លួន​រុញ​ចូល​រថយន្ត​នេះ កើតឡើង​នៅ​ចំណុច​ភ្លូ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ខណៈ​ពេល​ដែល​បុរស​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​លើ​ផ្លូវ ។ ប៉ុន្តែ មិនដឹង​រឿង​អ្វី​ពិតប្រាកដ​នោះ​ទេ ។

ប្រភព​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា បុរស​ដែល​ក្រុម​ទាហាន​ចាប់ខ្លួន​នោះ​មានឈ្មោះ យ៉េន ថុ​ន អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុម​ទាហាន​ទាំងនោះ ជា​ទាហាន​ខេត្ត តែ​មិន​បញ្ជាក់​ប្រាប់​អង្គភាព​ណា​ទេ ក្នុង​ចំណោម​ទាហាន​នោះ គឺ​ពួក​គាត់​ស្គាល់ឈ្មោះ ចាក និង​ឈ្មោះ ប៉ាក ។ ហើយ​ទាហាន​ទាំងនោះ​តែងតែ​ដើរ​សំឡុត​គំរាមកំហែង​នៅ​តំបន់​នោះ និង​ថែម​ទាំង​បាន​ប្រើ​ឈ្មោះ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​ផង​ដែរ និង​មាន​ទាំង​កាំភ្លើង​អាកា​ថែម​ទៀត ។

បើ​តាម​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ តុលា នេះ​ថា ប្រជាពលរដ្ឋ​ដែល​គេ​ចាប់ខ្លួន​នោះ ពេល​នេះ បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រាយការណ៍​មក​លោក​ថា ជន​រង​គ្រោះ​កំពុង​នៅ​ទីស្នាក់កា​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ លោក យន្ត មីន បន្ត​ថា «ចាំ​មើល​ខ្ញុំ​ពិនិត្យ​មើល​សិន អាច​ជួយ​បាន​របៀប​ម៉េច?» ។

ចំណែក​លោក ឌី សុ​ភី ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះ​សីហ​នុ បាន​ឆ្លើយ​ថា លោក​អត់​ដឹង​រឿង ទៅ​វិញ ។

រីឯ ទាហាន​ឈ្មោះ ចាក បាន​អះអាង​ថា ការ​ចាប់​ប្រជាពលរដ្ឋ​នេះ ដោយសារ​បុរស​នោះ បាន​កាប់​គម្រប​ព្រៃឈើ ។

ដោយឡែក រឿង​មួយ​ផ្សេង​ទៀត បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មាន​ជន​ស្លៀកពាក់​ស៊ី​វិល​ម្នាក់ ឈរ​បញ្ជា​ឲ្យ​កម្លាំង​កម្មករ​មាន​ពូថៅ និង​ម៉ាស៊ីន​ត្រង់​តឺ​ន័​រ កាត់​ផ្តួលរំលំ​ខ្ទម​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង ដោយ​គ្មាន​ដីកា​ពី​រុះរើ ពី​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ឡើយ ។

សកម្មភាព​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នេះ ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ ដែល​គេ​អះអាង​ថា ផ្ទះ​ពលរដ្ឋ​ទាំងនោះ ជា​សំណង់​អនាធិបតេយ្យ​ខុសច្បាប់ ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រជាពលរដ្ឋ បាន​ចាត់​ទុក​ថា ការ​ធ្វើ​សកម្មភាព​ទាំង​កំរោល ចុះ​រើ​វាយ​កម្ទេច​លំនៅ​ស្ថាន​របស់​ពួក​គាត់ គ្មាន​ប្រាប់​ពី​ហេតុផល និង​មិន​បាន​បង្ហាញ​ដីកា​ពី​តុលាការ ឬ​លិខិត​ណែនាំ​ពី​ថ្នាក់​ណា​ទាំងអស់ គឺ​រំលោភ​បំពាន​យក​តែ​ម្តង ។

តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​រុះរើ​ខ្ទម​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នេះ ដោយសារ​ពលរដ្ឋ​សាងសង់​លើ​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ។

សូម​បញ្ជាក់​ថា នៅ​ប៉ូ​ល​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ កំពុង​មានការ​អភិវឌ្ឍន៍ យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ មានការ​ហក់​ឡើង​ខ្ពស់កប់ពពក ហើយ​ដី​របស់​រដ្ឋ ភាគច្រើន ត្រូវ​ចូល​ទន្ទ្រាន​កាន់កាប់​ពី​សំណាក់​អ្នកមាន​អំណាច និង​ទឹក​លុយ រួម​និង​ជនខិលខូច​មួយ​ចំនួន ទើប​ធ្វើ​ឲ្យ​សង្គ្រាម​ដីធ្លី ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​កើត​មាន​មិន​ចេះ​ចប់ និង​ស្មុគស្មាញ​ដោះស្រាយ​មិន​ចេញ​តែ​ម្តង ៕