ចែករំលែក

គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ ដែល​បាន​វាយប្រហារ​មក​លើ​ដី​កោះ ស៊ូ​ឡា​វ៉េ​ស៊ី ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ស​ប្តា​ហ៍​មុន​នេះ ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់ ១,៩៤៤​នាក់ហើយ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ channelnewsasia នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨ នេះ ។

លោក M Thohir មន្ត្រី​យោធា និង​ជា​អ្នកនាំពាក្យ​នៅ​ក្នុង​តំបន់ បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់ ក្រោយ​​គ្រោះ​មហន្តរាយ​នេះ បាន​កើនឡើង​ដល់ ១,៩៤៤នាក់ ។

លោក បញ្ជាក់​ថា ចំនួន​នេះត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​កើនឡើង ព្រោះ​យើង​មិន​ទាន់​បញ្ជ​ប់​ការ​រុករក​សាកសព​នៅឡើយ​ទេ ក្រៅពី​ចំនួន​មនុស្ស​ស្លាប់​ជិត​២,០០០​នាក់ មនុស្ស​សរុប ២,៥៤៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ខណៈ​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត ត្រូវ​បាន​គេ​ជឿជាក់​ថា កំពុង​បន្ត​បាត់​ខ្លួន​នៅឡើយ នៅ​ក្រោម​គំនរ​អគារ​-​លំនៅ​ឋាន និង​ល្បាប់​ភក់​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៧​រ៉ិ​ច​ទ័​រ និង​រលក​យក្ស​ស៊ូ​ណា​មិ​កម្ពស់ ០៦​ម៉ែត្រ ៕