ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ ស​.​ជ​.​ណ សម្រេច​បញ្ឈប់​ការ​សិក្សា​ស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី ដែល​គ្រោង​បំបែក​ចេញពី​ខេត្តកណ្តាល និង​ខេត្តមណ្ឌលគិរី​-​រតនគិរី ។

ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឲ្យ​លុប​ចោលការ​សិក្សា​នេះ នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ។

នៅ​ក្នុង​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាប​ជូន សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជ្រាប ចំពោះ​ករណី​ស្នើ​សុំ​បង្កើត​ថ្មី​ចំនួន​២ ចេញពី​ខេត្តកណ្តាល ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​សិក្សា​ស្រាវជ្រាវ​ចាប់ពី​ពេល​នេះ​តទៅ​» ។

គ្រា​ដែល​ខេត្ត​ថ្មី​មិន​ទាន់​ទាំង​សម្រេច​ថា​បង្កើត ឬ​យ៉ាងណា​ផង​នោះ បែរជា​មាន​អ្នក​រត់ការ​យក​តំណែង​គ្រប់គ្រង​ក្នុង​ខេត្ត​ទាំងនេះ​បាត់​ទៅ​ហើយ ករណី​នេះ សម្តេច​ស្មាន​តែ​គេ​សិក្សា​ស្ងាត់​ៗ ដូច​ខេត្ត​ត្បូងឃ្មុំ ។ ប៉ុន្តែ​គម្រោង​បំបែក​ខេត្ត​ថ្មី​នេះ បែរជា​ក្លាយជា​សាច់​ជ្រូក​៣​ជាន់ សម្រាប់​មន្ត្រី​ខិលខូច​ទៅ​វិញ ។ ដូច្នេះ​នៅ​ថ្ងៃនេះ ត្រូវ​លុប​ចោល​ទាំងអស់ ចឹ​ង​ហើយ​សម្តេច​បាន​ចារ​ប៊ិ​ច​ក្រហម នៅ​លើ​លិខិតស្នើ​សុំ​តែងតាំង​ចៅហ្វាយខេត្ត ចៅហ្វាយខេត្ត​រង នៅ​ខេត្ត​គ្រោង​បង្កើត​ថ្មី​នោះ​ថា «​ប្រញាប់​ងាប់​ទៅ​ណា?​» ៕