ប្រទេសអ៊ីស្រាអែលៈ ថ្វីបើប្រទេសរុស្ស៊ី​បានបញ្ជូនប្រព័ន្ធការពារដែនអាកាស (S-300) ដ៏ទំនើបរបស់ខ្លួន កាន់ប្រទេសស៊ីរី ដើម្បីការពារប្រទេសនេះ ឲ្យគេចផុតពីការវាយប្រហារ តាមអាកាសពីបច្ចាមិត្រក្ដី ប៉ុន្តែប្រទេសអ៊ីស្រាអែល បានប្រកាសថា​ ខ្លួនមិនខ្វល់ពីប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ី នោះឡើយ ហើយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅតែមានសមត្ថភាព អាចវាយកម្ទេចប្រព័ន្ធទាំងនោះ​បានដោយងាយស្រួលបំផុត។

លោក Avigdor Lieberman​ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានប្រកាសក្ដែងថា ​អ៊ីស្រា​អែល មិនសប្បាយចិត្តនឹងប្រទេសរុស្ស៊ី​ដែលបានបញ្ជូនកាំជ្រួចការពារដែនអាកាស S-300 ទៅកាន់ប្រទេសស៊ីរីនោះឡើយ។ ប៉ុន្តែទោះជាមានវត្តមានប្រព័ន្ធការពារដែនអាកាស S-300 នៅក្នុងប្រទេស​ស៊ីរីក្ដី ក៏ប្រទេសអ៊ីស្រាអែល នៅតែមានលទ្ធភាព អាចវាយប្រហារទៅលើប្រទេសស៊ីរី និងកម្ទេចប្រព័ន្ធការពារ​ទាំងនោះ ចោលដដែល។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានថ្លែងបែបនេះ គឺកើតឡើង បន្ទាប់ពីលោក Sergei shoigu រដ្ឋមន្រ្ដីការពារប្រទេសរុស្ស៊ី​ បានសម្រេចបញ្ជូនមីស៊ីលការពារដែនអាកាស S-300 ទៅកាន់ប្រទេសស៊ីរី។បញ្ហានេះបានកើតឡើង ក្រោយពេលយន្តហោះយាមល្បាតរបស់ប្រទេសរុស្ស៊ី ម៉ាក Il-20 រួមនឹងអាកាសយានិក១៤នាក់ ត្រូវប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសស៊ីរី បាញ់ប្រហារទៅលើយន្តហោះរបស់​ប្រទេសអ៊ីស្រាអែល តែមីស៊ីលនោះបានហោះខុសគោលដៅ ក៏ទៅត្រូវចំយន្តហោះឈ្លបយកការណ៍របស់​រុស្ស៊ី បណ្ដាលឲ្យធ្លាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។

ទោះជាយ៉ាង លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននៅតែបញ្ជាក់ថា ខ្ញុំមិនអាចនិយាយបានថា ខ្ញុំសប្បាយចិត្ត ដោយសារមានវត្តមាន S-300 នៅក្នុងប្រទេសស៊ីរីនោះទេ។ ប៉ុន្តែយើងមិនមានជម្រើសអ្វីផ្សេងដែរ។ យើងមានឱកាស ដើម្បីសម្រេចបន្តពីសកម្មភាពយោធា នៅក្នុងប្រទេសស៊ីរី។ យើងនៅតែរង់ចាំមើលពីប្រព័ន្ធមីស៊ីល S-300 នោះ ថាតើភាគីណាមួយជាអ្នកបញ្ជាមីស៊ីលទាំងនោះ? តើរុស្ស៊ី ឬស៊ីរី?។ ប្រព័ន្ធមីស៊ីលទាំងនោះ នឹងរងនូវការកម្ទេចចោលពីយន្តហោះចម្បាំងបំបាំងកាយរបស់អ៊ីស្រាអែល។

លោករដ្ឋមន្រ្ដីការពារជាតិរបស់អ៊ីស្រាអែល បានអះអាងទៀតថា យន្តហោះចម្បាំងបំបាំងកាយ F-35 ដែលអ៊ីស្រាអែល ទទួលបានពីសហរដ្ឋអាមេរិក កាលពីឆ្នាំទៅ គឺជាយន្តហោះចម្បាំងដ៏ទំនើបបំផុតនៅលើពិភព​លោក ដែលប្រព័ន្ធមីស៊ីល S-300 របស់ប្រទេសរុស្ស៊ី មិនអាចចាប់បាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ យន្តហោះឈ្លបយកការណ៍មួយគ្រឿងរបស់​រុស្ស៊ីធុន Il-20 ដែលមានអាកាសយានិកចំនួន១៤នាក់នៅលើនេះ ត្រូវប្រព័ន្ធការពារអាកាសរបស់ស៊ីរីបាញ់ទម្លាក់ ខណៈបម្រុងចុះចត នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី នៅ Hmeymin ។ នៅក្នុងឧបទ្ទវហេតុនោះ គឺកើតឡើងចំពេលកងយន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែល ចំនួន៤គ្រឿង កំពុងវាយប្រហារទៅលើប្រទេសស៊ីរី នៅក្បែរតំបន់នោះដែរ។ ដោយសារតែបញ្ហានេះ ទើបប្រទេសរុស្ស៊ីបាន​សម្រេចបញ្ជូនកាំជ្រួចការពារដែនអាកាសទៅឲ្យស៊ីរី ចំនួន០៤គ្រឿង និងការប្រគល់សព្វាវុធទាំងនេះ ក្រោមវិធានការពង្រឹងសមត្ថភាពការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី និងបង្កើននូវកិច្ចការពារដល់កងទ័ពរុស្ស៊ី នៅទីនោះផងដែរ៕