ព្រះ​សី​ហុ​ន ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាម​រយៈ​លោក ឆាន់ សា​ផា​ន រដ្ឋ​លេខា​ប្រចាំការ បាន​ជម្រាប​ជូន​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ត្រូវ​បញ្ឈប់​ផ្តល់​គោលការណ៍​ឲ្យ​ដំណើរ​សាងសង់ មុន​ទទួល​បាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​បទល្មើស​សំណង់ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សោ​ភណ្ឌ​ភាព និង​គុណភាព​សំណង់​តែ​ម្តង ។

លិខិតរបស់ក្រសួងរៀបចំដែន ​ផ្ញើទៅរដ្ឋបាលខេត្តព្រះសីហនុ ចុះ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួង​សូម​ជម្រាប​ដល់​លោក យន្ត មីន អភិបាល​អណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ឲ្យ​ជ្រាប​ថា ការដ្ឋាន​សំណង់​ជា​ច្រើន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ខ្លះ​ជិត​រួចរាល់​ទាំងស្រុង​ទៅ​ហើយ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់ មាន​តែ​គោលការណ៍​ឲ្យ​ដំណើរការ​សាងសង់ ​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់ ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ប៉ុណ្ណោះ​ ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចាត់​ទុក​សកម្មភាព​សាងសង់​សំណង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​អនុក្រឹត្យ​លេខ ៨៥ អន​ក្រ​.បក ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​១៩៩៧ ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់ បណ្តាល​ឲ្យ​កើត​មាន​បទ​ល្មើ​សំណង់ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សោ​ភណ្ឌ​ភាព និង​គុណភាព​សំណង់​តែ​ម្តង​ ។

ពាក់ព័ន្ធ​បញ្ហា​សំណង់​ខុសច្បាប់​ដែល​កំពុង​សាងសង់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​បញ្ឈប់​បន្ទាន់​នូវ​ការ​ចេញ​លិខិតអនុញ្ញាត​ជា​គោលការណ៍​ដល់​ម្ចាស់​សំណង់​ឲ្យ​ដំណើរការ​សាងសង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ការដ្ឋាន​សំណង់​ឲ្យ​គោរព​តាម​ច្បាប់ បទដ្ឋាន​គតិ​យុ​ត្ត និង​បច្ចេកទេស​ជា​ធរមាន ​។

សូម​អាន​ខ្លឹមសារ​លម្អិត របស់​លិខិត​ក្រសួង​រៀបចំ​ដែន ដែល​មាននៅ​ខាងក្រោម​នេះ​ ៖