សិល្បៈ៖ ថ្វីបើបច្ចុប្បន្ននេះលោក ហេង ប៊ុនលាភ ​អតីត​ប្រុសស្អាត​ចំណាត់​ថ្នាក់​លេខ​២ កាលពី​ឆ្នាំ​២០០១ និង​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម «SSB» ពុំសូវរវល់ជាមួយការងារសិល្បៈក៏ពិតមែន ប៉ុន្តែលោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើមុខជំនួញធំៗជាច្រើនជាពិសេសផ្នែកអចលនៈទ្រព្យ ។

មានទស្សនិកជនមួយចំនួនធំដឹងរួចមកហើយថា ម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» ខាងលើនេះ កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិ និងសាងគ្រួសារដ៏កក់ក្ដៅប្រកបដោយសុភមង្គល បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាដែលជាកូនស្រីស្រស់សោភា​របស់​ថៅកែ​ឡូនេសាទ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ​២០០៧ ហើយ​លោក​ក៏​បាន​ផ្អាក​ការងារ​សិល្បៈ ស្រវា​ចាប់​យក​ជំនួញ​ដែល​មាន​ចំណូល​ខ្ពស់​ជាង​សិល្បៈតែម្ដង ។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនផងដែរ ដែលពុំទាន់បានឃើញមុខមាត់ភរិយារបស់លោក ហេង ប៊ុនលាភ ច្បាស់នៅឡើយ ដូចនេះហើយថ្ងៃនេះដែរ លោកក៏បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងដំណើរកម្សាន្តក្រៅប្រទេសជាមួយភរិយារបស់លោក ឱ្យមហាជនបានស្គាល់ ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក ហេង ប៊ុនលាភ បង្ហាញមុខភរិយាជាសាធារណៈ គ្រាន់តែលើកនេះលោកបង្ហាញឱ្យកាន់តែច្បាស់ជាងពេលមុនៗ ហើយអ្នកគ្រប់គ្នាច្បាស់ជាលាន់មាត់ថា ភរិយារបស់លោក ហេង ប៊ុនលាភ ស្អាតមិនចាញ់តារាសិល្បៈប៉ុន្មានឡើយ ៕
សហការី KBN