មណ្ឌលគិរី ៖ ក្រោយ​ពេល​ដែល​សម្តេច​ក្រឡាហោម ស ខេ​ង ព្រមាន​ខ្លាំង​ៗ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច និង​ទប់ស្កាត់​ការ​កាប់​ព្រៃឈើទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើ​កម្មសិទ្ធិ​នៅ​ស្រុក​កោះ​ញែក ។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ស្រែ​ហ៊ុយ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ២០១៨ លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព​តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច ដែល​ធ្វើការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ និង​ណែនាំ​ដល់​ក្រុមហ៊ុន ត្រូវធ្វើ​យ៉ាងណា អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោល​ការ​ច្បាប់ ថែម​ទាំង​បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត ជា​ពិសេស ត្រូវ​រាយការណ៍​ជូន​គណៈ​បញ្ជាការ​ខេត្ត ឱ្យ​បាន​ទាន់​ពេលវេលា​ផង ។

សូម​រម្លឹក​ថា លោក​អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្តីបន្ទោស​ថា មិន​យកចិត្តទុកដាក់ ក្នុង​ការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ នាំ​អនុ​ផល​ព្រៃឈើ ទៅ​លក់​នៅ​ប្រទេស​ជិតខាង​ដោយ​រលូន ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បន្ត​ថា បទល្មើស​ព្រៃឈើ នៅ​តែ​បន្ត​កើត​មាន នៅ​ក្នុង​ទឹកដី ខេត្តមណ្ឌលគិរី ។ ហើយ​សកម្មភាព កាប់​ឈើ ត្រូវ​បាន​ក្រសួងបរិស្ថាន ថតរូប​ភាព ពីលើ​អាកាស បន្ថែម​លើ​សេចក្តីរាយការណ៍ ។

បន្ថែម​លើ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​សង្កត់ធ្ងន់​ថា បើសិន​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី នៅ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ប្រាកដជា​មាន​បញ្ហា​ជាក់​ជា​មិន​ខាន ៕