ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំក្នុងឆ្នាំ ២០១៨ ជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនឹងមានលទ្ធផលល្អប្រសើរ។ នេះបើតាមការចេញផ្សាយរបស់ ADBនៅថ្ងៃនេះ។

ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួនដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៨ ADB ព្យាករណ៍ថា ប្រទេសកម្ពុជានឹងមានកំណើនសេ​ដ្ឋកិច្ចប្រមាណ ៧,០% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេស​ឧស្សាហក​ម្មធំៗមានភាពរឹងមាំកម្រិតមធ្យម។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ៖«សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើង ក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមាន​ការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើពន្ធ។ ប៉ុន្តែ កំណើន​ប្រាក់​ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ជាមួយ​នឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប»។

ការនាំចេញទំនិញ កើនឡើង ១៣,៣% ហើយការនាំចូលទំនិញ កើនឡើង ២៥,៧% ដោយសារតម្រូវការក្នុងស្រុកខ្ពស់ក្នុងឆមាសទីមួយ នៃឆ្នាំ ២០១៨។ ឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូលជំនួយឥតសំណងពីបរទេស ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១២,១% នៃ ផ.ស.ស នៅឆ្នាំនេះ ពោលគឺកើនពី ១០,៩% ក្នុងឆ្នាំ ២០១៧ ប៉ុន្តែគេរំពឹងថា ឱនភាពនេះ នឹងថយចុះមកវិញ នៅឆ្នាំក្រោយ។ ទោះយ៉ាងណា ការព្យាករណ៍ចុងក្រោយនេះ នៅតែលើសកម្រិតព្យាករណ៍ក្នុងរបាយការណ៍ ADO កាលពីខែមេសា ដែលបានប៉ាន់ប្រមាណ ឱនភាពគណនីចរន្ត ក្នុងកម្រិត ១១,១% នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៨ និង ១០,៨% ក្នុងឆ្នាំ ២០១៩។ វិស័យទេសចរណ៍ បានបន្តកើនឡើង ដែលមួយផ្នែកធំដោយសារកំណើនចំនួនភ្ញៀវទេសចរមកពីសាធារណរដ្ឋប្រជាមានិតចិន។

ជញ្ជីងទូទាត់ជារួម នឹងនៅបន្តរក្សាអតិរេក ដោយសារតែលំហូររឹងមាំនៃការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការបន្តការកើនឡើងនូវទុនបម្រុងបរទេសបន្ថែមទៀត គឺពី ៩,១ ពាន់លានដុល្លារក្នុ ងខែកក្កដាឆ្នាំ ២០១៨ រហូតដល់ប្រមាណជា ១០ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០១៨ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល ៦ ខែ។
បើទោះជាកំណើនសេដ្ឋកិច្ចមានភាពរឹងមាំក៏ដោយ អត្រាអតិផរណាបានថមថយមកវិញ ដោយគិតជាមធ្យមស្ថិតក្នុងកម្រិត ២,៤% នៅក្នុងរយៈពេល ៦ ដំបូង ក្នុងឆ្នាំ ២០១៨ គឺថយចុះពី ៣,៤% រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើនក្នុងកម្រិតទាបនៃតម្លៃស្បៀងអាហារ។ មានការព្យាករណ៍ថា អត្រាអតិផរណាគិតជាមធ្យម នឹងមានកម្រិត ២,៦% នៅឆ្នាំនេះ ហើយនឹងកើនឡើងដល់ប្រមាណ ៣,០% នៅឆ្នាំក្រោយ។
ការកើនឡើងនៃចំណាយរបស់រដ្ឋាភិបាល ដោយសារការបង្កើនការវិនិយោគ សាធារណៈ និងបៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏បានជួយរុញច្រានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨ផងដែរ។ ចំណូលក្នុងរយៈពេល ប្រំាមួយខែដំបូង ក្នុងឆ្នាំ ២០១៨ ស្មើនឹង ៥៣,៣% នៃផែនការថវិកា សម្រាប់ឆ្នាំនេះ។ ក្នុងពេលជាមួយគ្នា ចំណាយមានត្រឹមតែ ៣៤,៥% តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បទពិសោធន៍កន្លងមកបង្ហាញថា ចំណាយ មានការកើនឡើងនៅចុងឆ្នាំ។ គេរំពឹងថា ឱនភាពសារពើពន្ធនៅឆ្នាំនេះ នឹងកៀកទៅនឹងផែនការថវិកា ពោលគឺប្រហាក់ប្រហែលនឹង ៥,១% នៃ ផ.ស.ស។

ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានំាមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយក្នុងពេលជាមួយគ្នា នឹងបន្តរក្សាចីរភាព​នៃកិច្ចខិតខំប្រឹង​ប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាព ក្រីក្រធ្ងន់ធ្ងរ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារនេះ គឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន ៦៨ ដែលក្នុងនោះមាន ៤៩ ប្រទេ​ស មកពីតំបន់នេះ។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានទឹកប្រាក់សរុប ៣២,២ ពាន់លានដុល្លារ ដែលក្នុងនោះ មាន១១,៩ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន។