សិល្បៈ៖ បន្ទាប់ពីជួបព្យុះភ្លៀងមិនល្អ ដែលស្ទើតែនាំឱ្យជីវិតរបស់ម្ចាស់ពាន The voice Cambodia រដូវកាលទី១ ប៊ុត សីហា ធ្លាក់ដល់ចំណុចសូន្យ ស្រាប់តែពេលនេះលោកបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍សារជាថ្មី ក្រោយចេញបទចម្រៀងមួយបទមានចំណងជើងថា «គ្មានអ្នកណាកែចិត្តបងទេ» ។

យើងបានដឹងរួចមកហើយថា ប៊ុត សីហា ត្រូវបានផលិតកម្មរស្មីហង្សមាស បង្ខំចិត្តបញ្ចប់អាជីពជាតារាចម្រៀងនៅក្នុងផលិតកម្ម បន្ទាប់ពីតារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំពាក់ព័ន្ធនឹងករណីថ្នាំញៀន កាលពីរសៀលថ្ងៃទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ពេលនោះ គ្មានស្ថាននីយទូរទស្សន៍ក៏ដូចជាផលិតកម្មក្នុងស្រុកណាមួយហ៊ានទទួលលោកឡើយ ដែលធ្វើឱ្យពាន់ The Voice Cambodia ដែលលោកកាន់ ហាក់ដូចជាគ្មានន័យសម្រាប់លោកតទៅទៀត ហើយលោកក៏បានវិលទៅរកអាជីពជាអ្នកចម្រៀងតាមរោងការដដែល ។

យ៉ាងណាមិញ ទោះជាគ្មានការងារនៅក្នុងផលិតកម្ម ក៏ដូចជាទូរទស្សន៍ ប៊ុត សីហា ត្រូវបានជ្រោមជ្រែង និងលើកទឹកចិត្តដោយអង្គការ IKARE ដែលតែងតែនិពន្ធបទចម្រៀងឱ្យលោកច្រៀងជារឿយៗ ដោយកន្លងមកមានដូចជាបទ «កំពង់ស្ពឺជម្រៅស្នេហ៍» «កូនខុសហើយម៉ែ»…ហើយសម្រាប់ពេលថ្មីៗនេះ ក៏បានចេញបទចម្រៀងមួយបទទៀតមានចំណងជើងថា «គ្មានអ្នកណាកែចិត្តបងទេ» ដែលកំពុងទទួលបានការគាំទ្រខ្លាំង ។ ជាក់ស្ដែងគ្រប់ហាងផឹកស៊ី ស្តង់ផ្សារទំនើប និងស្តង់ផ្សព្វផ្សាយផលិតផលនានា មិនថាទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត គឺឮតែគេចាក់បទនេះយ៉ាងកងរំពង ហើយសកម្មភាពទាំងនេះបានបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅតែទទួលស្គាល់ទឹកដបសំឡេង ប៊ុត សីហា និងនៅតែគាំទ្រពុំគិតពីអតីតកាលមិនល្អរបស់លោកឡើយ ៕
សហការី KBN