ខេត្ត​ព្រះសីហនុៈ រថយន្តដឹកទំនិញមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករ៉ូឡូកិន​ថ្នល់ពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់រងរបួស កាលពី​វេលា​ម៉ោង១២ និង៤​៥​នាទីរសៀល​ ថ្ងៃ​ទី​២០ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ នៅលើផ្លូវ​ជាតិ​លេខ​៤​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​ ២១៤-២១៥​ ស្ថិតក្នុងភូមិ​ចំណោត​រាម​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់។

មន្ត្រីនគរបាលចរាចរស្រុកព្រៃនប់ បានឲ្យដឹងថា រថយន្ត​ដឹក​ទំនិញ​ ​ម៉ាក​ KAI ពណ៌​ខៀវ​ ស្លាកលេខ​ភ្នំពេញ​ 3C-7781 បើកបរដោយឈ្មោះ​ ង៉ែត​ ភិរម្យ​ ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ​ (រងរបួសមធ្យម) មានលំនៅ​ក្នុងស្រុក​ឈូក​ ខេត្ត​កំពត។ រីឯកម្មករធ្វើផ្លូវដែលររបួសនោះ ​ឈ្មោះ​ សុខ​ គា​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​ មានលំនៅ​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង-​ខេត្ត​ព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែអកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្តដឹកទំនិញមួយគ្រឿង បានបើកបរយ៉ាងលឿន ក្នុងទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​ទៅកាន់ខេត្ត​ព្រះសីហនុ​។ លុះពេលរថយន្តបង្កបើកមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុករ៉ូឡូកិនថ្នល់​ដែល​កំពុង​ធ្វេី​ផ្លូវ​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​នោះ​ក្រឡាប់​ធ្លាក់​ចេញពីផ្លូវ​ បណ្ដាលឲ្យអ្នកបើកបររថយន្ត និងកម្មកម្នាក់រងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងគ្លីនិក​មិត្តភាព​ឃ្លាំង​លើ។ ដោយឡែក រថយន្ត និងរ៉ូឡូកិនថ្នល់ ត្រូវសមត្ថកិច្ចយកទៅផ្ញើ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រង់ចាំដោះស្រាយនាពេលក្រោយ៕