ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់បារាំងបានត្រៀមខ្លួនធ្វើការជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញ​ឲ្យ​មាន​កិច្ចសន្ទនា ​ដោយ​ចំហ​ជាមួយ​តួអង្គ​នានា​ នៃ​ជីវភាព​នយោបាយ និងដើម្បី​ស្ថាបនា​កម្ពុជា​មួយ​ប្រកបដោយ​​ប្រជាធិបតេយ្យ និង​សន្តិភាព។ ​

លោក Edouard Philippe នាយករដ្ឋមន្ត្រី​បារាំង​ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១៨កន្លងទៅ​នេះ​ បាន​សរសេរ​លិខិត​មួយ​ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។ នៅ​ក្នុង​លិខិត​នោះ​ លោក​នាយករដ្ឋមន្ត្រីបារាំង បាន​សរសេរ​ថា​៖ «​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បញ្ជាក់​អំពី​ការត្រៀម​​របស់​ប្រទេស​បារាំង នៅ​ជាមួយ​ប្រទេស​កម្ពុជា​របស់​សម្ដេច ​ដើម្បី​ស្ថាបនា​កម្ពុជា​មួយ ប្រកបដោយ​​​​​ប្រជាធិបតេយ្យ​ មាន​សន្តិភាព និង​ការអភិវឌ្ឍ​ ដើម្បីទាំងអស់គ្នា។ បារាំង​គាំទ្ររាល់​កិច្ចប្រឹងប្រែង​របស់​សម្ដេច ក្នុង​ការបន្ត​កិច្ចសន្ទនា ​ដោយ​ចំហ និង​ស្ថាបនា​ជាមួយ​តួអង្គ​នានា ​នៃ​ជីវភាព​នយោបាយ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​»។

លោកនាយករដ្ឋមន្ត្រីបារាំង បានបន្តថា លោក​ស្វាគមន៍​ដល់​ការវិវឌ្ឍ​ថ្មីៗ​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ការដោះលែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ការដោះលែង​សកម្មជន​ និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​សកម្មជន​ដីធ្លី​ អ្នកស្រី ទេព វន្នី អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ករណី​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក មឿន តុលា ​ប្រធាន​អង្គការ​សង់​ត្រាល់​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​អ្នកតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា លិខិត​របស់​ប្រទេស​បារាំង​ គឺ​មិន​ខុស​ពី​ជំហរ​របស់​សហភាព​អឺរ៉ុប​ទេ ដែល​បាន​ទាមទារ​ឲ្យ​កម្ពុជា ​វិល​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ និង​ទម្លាក់​បទចោទលើលោក កឹម សុខា​ អតីតប្រធានគណបក្សសង្រ្គោះជាតិ។

អតីត​អ្នកតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រូបនេះ បានបន្តថា៖ «​ប្រសិន​បើ​សម្ដេច ហ៊ុន សែន ​អាន​លិខិត​នោះហើយ​ នៅ​តែ​មិន​ទទួល​យក ខ្ញុំ​គិត​ថា ​កម្ពុជា​​ប្រឈម​នឹង​វិបត្តិ​ជាច្រើន ដូចជា​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​។ ប្រទេស​បារាំង​បាន​កាន់​ដៃ​របស់​យើង ​អស់​រយៈពេល២០​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ធ្វើឲ្យ​កម្ពុជា ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​។ បារាំង​ជា​ស្ថាបនិក​មួយ​ ក្នុង​ចំណោម​ស្ថាបនិក ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ​បារាំង​នៅ​តែ​ជា​អ្នក​គាំទ្រ​ សម្រាប់​កម្ពុជា​ ទាំង​ផ្នែក​ស្មារតី និង​ហិរញ្ញវត្ថុ»។

ដោយឡែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានថ្លែងប្រាប់អ្នកកាសែតថា ទិដ្ឋភាព​ពី​លិខិត​របស់​លោក Edouard Philippe នាយករដ្ឋមន្រ្ដីបារាំង ដោយ​បារាំង​ជា​អ្នក​ដើរតួ​នៅ​ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​។

លោក ផៃ ស៊ីផាន បានបន្តថា​​៖ «​ទី​ ២ លិខិត​នេះ​ជា​កំណត់​ទូត​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជំហរ​របស់​បារាំង ​ជា​ដៃគូ​សម្រាប់​កិច្ចសន្ទនា​ រវាង​កម្ពុជា​ និង​បារាំង​។ មិនមាន​ហេតុផល​ណា​ដែល​ត្រូវ​ណែនាំ​កម្ពុជា ឬ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ឲ្យ​បំពេញ​តាម​នោះ​ទេ​»​។ លោកយល់ថា លិខិត​នេះ​​បាន​ធ្វើឲ្យ​ច្បាស់​ផង​ដែរ​ថា មាន​តែ​លោក ហ៊ុន សែន ទេ​ដែល​ជា​អ្នក​តំណាង​កម្ពុជា​ជា​ផ្លូវការ​ដែល​បារាំង​ចង់​និយាយ​ជាមួយ​៕