ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានចេញប្រតិបតិ្ដការថ្នាំញៀន រហូត​ឈាន​ដល់ការឃាត់ខ្លួនមេខ្លោង និងបក្ខពួក សរុបចំនួន៥នាក់ និងដកហូតវត្ថុតាងជាច្រើន កាលពីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងផ្ទះជួលរបស់ជនសង្ស័យ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង័្សយទាំង​៥​នាក់នោះ សមត្ថកិច្ចជំនាញខេត្ត បានស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតកំណត់បានមុខសញ្ញា​របស់​ជនសង័្សយ ដែលតែងតែធ្វើសកម្មភាពចែកចាយ នៅក្នុងខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីស៊ើបដឹងហើយ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានចេញប្រតិបត្ដិការបង្រ្កាប និងចាប់ខ្លួនបានជាបន្តបន្ទាប់​ សរុបចំនួន៥នាក់ រួមនឹងវត្ថុតាង។

លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើស បានឲ្យដឹងថា នៅក្នុងការបង្រ្កាបមុខសញ្ញាចែកចាយថ្នាំញៀនខាងលើនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង័្សយចំនួន៥​នាក់។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចក៏បានរឹបអូសបានវត្ថុតាងជាច្រើន រួមមាន ទី១-ថ្នាំ ញៀនមេតំហ្វេតាមីន (WY) ចំនួន៨៧៦៤គ្រាប់មានទម្ងន់៧៩៩,៩៤ក្រាម ទី២-ថ្នាំញៀនមតំហ្វេតាមីនទឹក​កក​ទម្ងន់១៩៩៥,០១ក្រាម ទី៣-ថ្នាំញៀនកេតាមីនមានទម្ងន់៨,៥១ក្រាម ទី៤-ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីមានទម្ងន់២,៩៦ក្រាម ទី៥-ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង ទី៦-អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម និងទី៧-រថយន្តចំនួន២គ្រឿង។

ក្រោយពេលបង្រ្កាបរួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់៕