ខេត្តកំពង់ចាមៈ នារីវ័យក្មេងម្នាក់បានដើរលួងលោមនារីខ្មែរជាច្រើននាក់ នាំចេញទៅប្រទេសចិន លក់​ឱ្យបុរសចិន យកទៅធ្វើជាប្រពន្ធ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ហើយលោកចៅក្រមបានសម្រេចចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នារីជាប់ចោទដែលត្រូវតុលាការសម្រេចឃុំខ្លួននេះ ឈ្មោះ ផន សុខណេង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

មន្រ្ដីនគរបាលដដែល បានបន្តថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកា បញ្ជាឱ្យចូលខ្លួនលេខ ១៦៤០ ព.ស និងលេខ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យឈ្មោះ ផន សុខណេង មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរជុំវិញការពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់​ឱ្យបុរសជនជាតិចិន នៅប្រទេសចិន យកធ្វើជាប្រពន្ធ។

ប្រភពដដែលបន្តថា ក្រោយពេលសាកសួររួច សមត្ថកិច្ចបានសម្រេចឃាត់ខ្លួននារីសង្ស័យ ឈ្មោះ ផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។ បន្ទាប់មក លោក សួន សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥១៣ ទ.ព្រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពីបទ នាំយក​ចេញ ដោយមិនស្របច្បាប់ ដោយមានគោលដៅ ដែលបានប្រព្រឹត្ត នៅភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៨។

បច្ចុប្បន្ន នារីជាជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តកំពង់​ចាម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕