សិល្បៈ៖ ថ្មីៗនេះ ​ប្រធាន​សមាគម​ភាពយន្ត​អាណត្តិ​ថ្មី​ទៀត (២០១៨-២០១៩) លោក ឆាយ បូរ៉ា បានបង្ហើរសារមិនសប្បាយចិត្តមួយនៅលើគណនីហ្វេសប៊ុករបស់លោក បន្ទាប់ពីស្ទើរតែគ្រប់បណ្ដាស្ថាននីយទូរទស្សន៍ក្នុងប្រទេសសម្រេចចាក់ខ្សែភាពយន្តភាគបរទេសវិញយ៉ាងច្រើន ខណៈដែលរឿងភាគរបស់ខ្មែរមានចំនួនតិចតួចបំផុត ។

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ខ្សែភាពយន្តខ្មែរបានបង្ហាញវត្តមានច្រើនគួរសមនៅលើកញ្ចក់ទូរទស្សនានា ដែលធ្វើឱ្យផលិតករមានទឹកចិត្តផលិតជាបន្តបន្ទាប់ ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជន ប៉ុន្តែភាគតិចណាស់រឿងខ្មែរទាំងនោះ ដែលទទួលបានភាពជោគជ័យ ផ្ទុយស្រឡះពីរឿងបរទេសដែលបណ្ដាលចិត្តទស្សនិកជនឱ្យចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនលើសលប់ ។

យ៉ាងណាមិញ លោក ឆាយ បូរ៉ា ដែលជាផលិតករឆ្នើមក្នុងប្រទេស និងធ្លាប់បង្ហាញស្នាដៃលើឆាកអន្តរជាតិ ឱ្យទទួលស្គាល់ផងនោះ នៅតែប្រកាន់ជំហរមិនបោះបង់ការផលិតភាពយន្តខ្មែរ ទោះជាវិស័យភាពយន្តខ្មែរមានភាព លេច អណ្តែត យ៉ាងណាក៏ដោយ ។

លោកបានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា «នឿយណាស់ហើយ ទោះចង់សំរាកក៏មិនអាចទាន់សំរាកបាន។ ភាពយន្តខ្មែរនៅលើផ្លូវដ៏សែនលំបាក ។ លេច អណ្តែត ហើយរសាត់ដូចចក កណ្តាលជលសារ។ តែក៏មានអ្នកដេកសោយសុខ ធ្វើមានបានលើគំនរទុក្ខនេះដែរ។ បើមិនប្រឹងទេ ១០០០នាក់ ពិតជាបាត់បង់ការងារធ្វើ។ បើមិនប្រឹងភាពយន្តបរទេស នឹងគ្របដណ្តប់ លើវិស័យភាពយន្តខ្មែរ។ វិស័យនេះបាត់បង់ ជាតិយើង ប្រៀបដូចជាមនុស្សពិការ ដែលមិនអាចសូម្បីតែរំកិលទៅមុខ។ វិស័យនេះបាត់បង់ ពិភពលោកស្គាល់ខ្មែរ បានត្រឹមតែរបបវាលពិឃាត និងមិនមានអ្វីផ្សេងទៀតដើម្បីបង្អូតពិភពលោកសោះឡើយ។ ឈប់នាំគ្នាដើរគើមៗដូចគីង្គក់ទៀតទៅ ត្រូវនាំគ្នាស្វាហាប់ រត់ឱ្យបានលឿន ឱ្យទាន់ប្រទេសជិតខាង» ។

ទន្ទឹមគ្នានេះ លោក ខាំ ភូរិ ដែលជាផលិតករ និងអ្នកដឹកនាំរឿង ដ៏ល្បីល្បាញម្នាក់ ក៏បានសម្ដែងក្ដីអស់សង្ឃឹមផងដែរ ចំពោះវិស័យភាពយន្តខ្មែរ ដែលស្ទើរតែងើបមិនរួច ដូចភាពយន្តបរទេស ហើយលោក ក៏បានបង្ហាញក្ដីអស់សង្ឃឹមនេះ ក៏ដូចជាចំណុចមួយចំនួនទាក់ទិននឹងការផលិតភាពយន្តខ្មែរ នៅលើទំព័រហ្វេសរបស់លោក ។

ខាំ ភូរិ បានបង្ហាញថា «ស្ថានីយទូរទស្សន៍ស្ទើរតែទាំងអស់ចាប់ផ្តើមចាក់ផ្សាយរឿងភាគថៃឡើងវិញហើយ ឆន្ទៈមិនអាចប្រៀបសេដ្ឋកិច្ចបានទេ។ ចុះរឿងខ្មែរអាចឈានទៅរកការដួលរលំម្តងទៀតហើយមែនទេ? នៅទេ! គ្មានកំហុសអ្នកណាទេ ព្រោះអ្នកមើលទទួលយកបែបនេះ បែបនេះមានន័យថាគាត់មិនខ្វល់រឿងអ្វីក្រៅពីការកំសាន្តអារម្មណ៍ មានតណ្ហាលើអ្វីដែលចូលចិត្ត។ ទាំងសមត្ថភាពផលិត ធនធានមនុស្ស និងហិរញ្ញវត្ថុ យើងមិនអាចប្រៀបជាមួយគេទេ នោះមិននិយាយដល់ពីការជ្រោមជ្រែងរបស់ផ្នែករដ្ឋផង » ។

លោកបានបន្តថា «បើមិនចាក់រឿងថៃ គ្មានរឿងបរទេសផ្សេងចាក់មែនទេ? មាន តែមនុស្សខ្មែរភាគច្រើនចូលចិត្តមើល ។ ចុះរឿងខ្មែរ? រឿងខ្លះមានគុណភាព រឿងខ្លះគ្មានគុណភាព ផលិតករខ្លះ ៦ខែផលិត៣រឿង ក្នុងពេលតែមួយ។ ហេតុអី? សេដ្ឋកិច្ច ចង់ចំណេញ។ គ្មានឆន្ទៈទេ? មាន តែឆន្ទៈសុីអីកើត។ ចុះក្មេងៗបច្ចុប្បន្នអត់សមត្ថភាពផលិត? មាន ធ្វើល្អ ពេលខ្លះហ៊ាននិយាយថាអាចល្អជាងបរទេសទៀតបើបរិយាកាសសេដ្ឋកិច្ចផ្តល់អោយគ្រប់គ្រាន់ ជាឧទាហរណ៍មានស្រាប់ហើយកាលពីកន្លងមកនោះ ។ គួរឈប់ផលិតទេបើគ្មានអ្នកមើល? មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍បើកចោលគ្មានអង្គុយពីមុខ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិអោយគេស្គាល់ យ៉ាងហោចណាស់យកផុសក្នុងបណ្តាញសង្គមក្រែងមានអ្នក Like បួនដប់នាក់ដែរ »៕
សហការី KBN